(ឡុងដ៍)៖ តុលាការកំពូលរបស់ចក្រភពអង់គ្លេស បានសម្រេចនាថ្ងៃពុធនេះថា ស្កុតឡេនមិនមានសិទ្ធិធ្វើប្រជាមតិថ្មី ស្តីពីឯករាជ្យភាពដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាលអង់គ្លេសនោះទេ។ ការសម្រេចនេះជាការរារំាងចំពោះយុទ្ធនាការរបស់រដ្ឋាភិបាលស្កុតឡេន ដើម្បីបំបែកខ្លួនចេញពីចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
តុលាការកំពូលបានសម្រេចថា សភាស្កុតឡេន «មិនមានអំណាចក្នុងការបង្កើតច្បាប់ដើម្បីធ្វើប្រជាមតិស្ដីពីឯករាជ្យភាពរបស់ស្កុតឡេនទេ»។
ប្រធានចៅក្រម លោក Robert Reid បាននិយាយថា ចៅក្រមទាំងប្រាំនាក់បានសម្រេចជាឯកច្ឆ័ន្ទ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស្កុតឡេនពាក់កណ្តាលស្វយ័ត ចង់ធ្វើប្រជាមតិនៅខែតុលាខាងមុខជាមួយនឹងសំណួរថា «តើស្កុតឡេនគួរតែជាប្រទេសឯករាជ្យទេ?»។
រដ្ឋាភិបាលអភិរក្សនិយមរបស់ចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ បដិសេធមិនអនុម័តការបោះឆ្នោតដោយនិយាយថា បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងប្រជាមតិឆ្នាំ ២០១៤ ដែលឃើញអ្នកបោះឆ្នោតស្កុតឡេន បដិសេធឯករាជ្យដោយរឹមពី ៥៥ភាគរយទៅ ៤៥ភាគរយ៕