(ឡុងដ៍)៖ រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស នៅថ្ងៃពុធនេះបានប្រកាសថា ទីក្រុងឡុងដ៍កំពុងបញ្ជូនឧទ្ធម្ភាគចក្រឱ្យអ៊ុយក្រែន ជាលើកដំបូងបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ​​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខការពារជាតិអង់គ្លេស បេន វ៉លឡេស (Ben Wallace) បានប្រាប់ថា ឧទ្ធម្ភាគចក្រ Sea Kings សរុបចំនួន៣គ្រឿង នឹងត្រូវ​ប្រគល់ឱ្យទៅអ៊ុយក្រែន ក្នុងនោះ១គ្រឿងបានទៅដល់រួចហើយ។ បើតាមលោក វ៉លឡេស ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ក្រុមវិស្វករនិងទាហានអ៊ុយក្រែន បានទទួលការហ្វឹកហាត់ នៅក្នុងទឹកដីចក្រភពអង់គ្លេស ដើម្បីរៀនហោះហើរនិងជួសជុលថែទាំ ឧទ្ធម្ភាគចក្រទាំងនេះ ដែលប្រើប្រាស់សម្រាប់បេសកកម្មរុករក និងជួយសង្រ្គោះ។

លោករដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានបន្តថា ក្រៅពីឧទ្ធម្ភាគចក្រ ទីក្រុងឡុងដ៍ក៏នឹងផ្តល់គ្រាប់កាំភ្លើងធំ ១០,០០០គ្រាប់បន្ថែមដល់ ទីក្រុងកៀវទៀតផង។ លោក វ៉លឡេស បានធ្វើការប្រកាសដូចខាងលើ ចេញពីទីក្រុងអូស្លូនៃប្រទេសន័រវែស ជាកន្លែងដែលលោកជួបប្រជុំ ជាមួយបណ្តាប្រទេសជាសម្ពន្ធមិត្ត ដើម្បីពិភាក្សាអំពីការបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ បានយកឱកាសបំពេញទស្សនកិច្ចទៅកាន់​ទីក្រុងកៀវ ដើម្បីសន្យាពីកញ្ចប់ជំនួយយោធាថ្មីទំហំ ៥០លានផោន (៦០លានដុល្លារអាមេរិក) ដែលរួមមានទាំងកាំភ្លើងយន្តប្រឆាំងយន្តហោះចម្បាំង ហើយនិងបរិក្ខារសម្រាប់ប្រឆាំងដ្រូន។ កាលពីពេលកន្លងទៅ ក្នុងខែវិច្ឆិកានេះ អង់គ្លេសក៏បានប្រកាសពី គម្រោងផ្តល់មីស៉ីលបាញ់ពីដីទៅអាកាសបន្ថែម ១,០០០គ្រាប់ដល់អ៊ុយក្រែន ផងដែរ៕