(គូឡាឡាំពួ)៖ នៅថ្ងៃពុធនេះមហាក្សត្រម៉ាឡេស៉ី បានស្នើឱ្យកោះប្រជុំពិសេសមួយនៃក្រុមប្រឹក្សាព្រះចៅស៊ូលតង់ ដើម្បីពិភាក្សាអំពី ការជ្រើសរើសបេក្ខជនដែលគួរក្លាយជានាយករដ្ឋមន្រ្តីថ្មី ខណៈដែលវិបត្តិជាប់គាំងក្រោយការបោះឆ្នោត បានឈានចូលដល់ថ្ងៃទី៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទុកនៃការជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានធ្លាក់ទៅលើព្រះមហាក្សត្រ បន្ទាប់ពីបេក្ខជននាំមុខទាំងពីររូប គឺមេបក្សប្រឆាំង លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) និងអតីតនាយករដ្ឋមន្រ្តី លោក មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) មិនអាចរកបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan) របស់លោក អាន់វ៉ា ឈ្នះអាសនៈបានច្រើនជាងគេ គឺ៨២អាសនៈ រីឯក្រុមគណបក្សចម្រុះ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional) របស់លោក មូយីដឌីន ឈ្នះ៧៣អាសនៈ។ យ៉ាងណាក្តី ក្រុមចម្រុះទាំង២ ត្រូវការអាសនៈចំនួន១១២ ដែលជាសំឡេងភាគច្រើនធម្មតានៅក្នុងសភា ទើបអាចបង្កើតរដ្ឋាភិបាលបាន។

ដោយឡែក ក្រុមគណបក្សចម្រុះ បារីសាន ណាសិនណាល់ (Barisan Nasional) របស់នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អ៉ីស្មែល សាប៊្រី យ៉ាកូប (Ismail Sabri Yaakob) ដែលធ្លាប់តែគ្រប់គ្រងនយោបាយនៅម៉ាឡេស៉ី ចាប់តាំងតែពីប្រទេសអាស៊ានមួយនេះទទួលបាន ឯករាជ្យកាលពីឆ្នាំ១៩៥៧មកនោះ គឺឈ្នះត្រឹម៣០អាសនៈប៉ុណ្ណោះ។

ទោះជាបែបនេះក្តី ការគាំទ្ររបស់ក្រុមចម្រុះ បារីសាន គឺចាំបាច់ទាំងសម្រាប់ លោក អាន់វ៉ា និងលោក មូយីដឌីន ក្នុងការបង្កើនអាសនៈឱ្យដល់១១២ ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រុមបារីស បានប្រកាសថា ខ្លួននឹងធ្វើជា​ក្រុមប្រឆាំង ដោយមិនចូលរួមជាមួយក្រុមចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ ឬក៏ក្រុម ប៉ឺរីកាតាន់ ណាសិនណាល់ ឡើយ។

ពីដំបូង ព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានទុកពេលដល់ត្រឹម រសៀលថ្ងៃអង្គារឱ្យ លោក អាន់វ៉ា និងលោក មូយីដឌីន ចរចាដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែលោក មូយីដឌីន បានប្រាប់ថា លោកបានបដិសេធយោបល់ របស់ព្រះចៅស៊ូលតង់ ដែលចង់ឱ្យក្រុមចម្រុះជាគូបក្ខដិបក្ខនឹងគ្នាទាំងពីរ បង្កើត​រដ្ឋាភិបាលរួបរួមមួយ។

យោងតាមសេចក្តីប្រកាសរបស់រាជវាំងម៉ាឡេស៉ី ក្រុមប្រឹក្សាព្រះចៅស៊ូលតង់ ដែលប្រមូលផ្តុំព្រះចៅស៊ូលតង់ទាំង៩អង្គ នៃប្រទេសម៉ាឡេស៉ី នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី ខណៈគោលបំណងនៃកិច្ចប្រជុំនោះ គឺដើម្បីឱ្យព្រះចៅស៊ូតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា ទទួលបានការយល់ឃើញរបស់ព្រះចៅស៊ូលតង់ដទៃៗទៀត ដើម្បីជួយឱ្យទ្រង់ធ្វើការសម្រេចចិត្តដ៏ប្រសើរមួយ សម្រាប់ប្រជាជនក៏ដូចជាប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ថា ប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ម៉ាឡេស៉ី គឺមានលក្ខណៈពិសេសប្លែកត្រង់ថា ព្រះចៅស៊ូលតង់នៃរដ្ឋចំនួន៩ ផ្លាស់វេនគ្នាធ្វើជាព្រះមហាក្សត្ររបស់ប្រទេស ជារៀងរាល់៥ឆ្នាំម្តង៕