មនុស្សមួយចំនួនស្លាប់ រួមទាំងខ្មាន់កាំភ្លើង ក្នុងករណីបាញ់ប្រហារនៅរដ្ឋ Virgina សហរដ្ឋអាមេរិក (Video inside)
23-11-2022 13:23
(វ៉ាស៉ីនតោន)៖ អាជ្ញាធរសហរដ្ឋអាមេរិក បានឱ្យដឹងថា មានករណីបាញ់ប្រហារមួយ បានកើតឡើងក្នុងទីក្រុងឆេសាភីគ (Chesapeake) នៃរដ្ឋវើជីនៀ (Virginia) ហើយបានបណ្តាលឱ្យ មនុស្សមួយចំនួនបាត់បង់ជីវិត និងទទួលរងរបួស ខណៈខ្មាន់កាំភ្លើងផ្ទាល់ក៏បានស្លាប់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក លីអូ កូស៉ីនស្គី (Leo Kosinski) មន្រ្តីផ្នែកព័ត៌មានសាធារណៈ នៃប៉ូលិសប្រចាំទីក្រុងឆេសាភីគ បានប្រាប់ថា នៅវេលាម៉ោង ១០៖១២យប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ប៉ូលិសបានឆ្លើយតបចំពោះសេចក្តីរាយការណ៍ អំពីករណីបាញ់ប្រហារមួយ កើតមានឡើងនៅក្នុងផ្សារទំនើបវ៉លម៉ាត (Walmart) មួយកន្លែង ស្ថិតនៅតំបន់សេមសឺខល (Sam's Circle)។ លោកបានបង្ហើបថា មនុស្សសរុបមិនលើសពី ១០នាក់ឡើយ បានស្លាប់ និងមួយចំនួនទៀតរងរបួស ប៉ុន្តែលោកមិនបញ្ជាក់ចំនួនច្បាស់លាស់ទេ។
គួរបញ្ជាក់ថា បើតាមលោក កូស៉ីនស្គី ភ្លាមៗបែបនេះ នៅតែមិនទាន់ច្បាស់ទេថា ខ្មាន់កាំភ្លើងបាត់បង់ជីវិត ដោយសារតែបាញ់សម្លាប់ខ្លួនឯង ឬក៏យ៉ាងណា ហើយលោកបានបន្ថែមថា បើតាមព័ត៌មានដែលលោកទទួលបានផ្ទាល់ ពេលដែលប៉ូលិសចូលទៅដល់កន្លែងកើតហេតុ គឺមិនមានការបាញ់តបតមកលើពួកគេឡើយ។