(កៀវ)៖ រដ្ឋអាជ្ញាអ៊ុយក្រែន បានបើកការស៊ើបអង្កេតមួយ ក្រោយលេចចេញនូវវីដេអូលើបណ្ដាញទំនាក់ទំនងសង្គម ដែលទីក្រុងមូស្គូអះអាងថាបង្ហាញពី ការសម្លាប់ទាហានរុស្ស៊ី ធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

វីដេអូមួយដែលកំណត់ទីតាំងភូមិសាស្ត្រដោយ CNN ត្រូវបានគេថតនៅជាយក្រុងនៃភូមិ ម៉ាគីវកា (Makiivka) ស្ថិតនៅក្នុងតំបន់លូហាន (Luhansk) ភាគខាងកើត ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងលីម៉ាន់ (Lyman) ប៉ុន្តែព័ត៌មានលម្អិតពីអ្វីដែលបានកើតឡើងនៅតែ មិនច្បាស់លាស់។

ស្នងការសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូប៊ីណេតស៍ (Dmytro Lubinets) បានអះអាងថា «កងទ័ពរុស្ស៊ីបានសុំចុះចាញ់ និងបើកការបាញ់ប្រហារ មុនមកលើកងកម្លាំងរបស់យើង ដូច្នេះការបាញ់តបតវិញមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមទេ»

ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រដ្ឋអាជ្ញាប្រចាំតំបន់លូហាន នឹងស៊ើបអង្កេតលើករណីនេះ ក្នុងគោលបំណងបង្ហាញការពិតថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអ្វីខ្លះ អំឡុងពេលពួកគេចុះចាញ់ ជាសកម្មភាពដែលត្រូវ បានហាមឃាត់ក្រោមអន្តរជាតិ និងច្បាប់មនុស្សជាតិ៕