(បាងកក)៖ អាជ្ញាធរមន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលគ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះនៅខាងក្នុងបរិវេណប៉ូលីសមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ Nitti Soksan ស្នងការរងនគរបាលខេត្ត Narathiwat មានប្រសាសន៍ថា «វា​ជា​ការ​បំផ្ទុះ​រថយន្ត។ យើងកំពុងបោសសម្អាតតំបន់នោះ ហើយចំនួនអ្នករបួសអាចនឹងកើនឡើង»

លោក Pornprasit Jantra ប្រធានមន្ទីរពេទ្យ Narathiwat Rajanagarindra បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៩នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរបស់លោក ក្នុងចំណោមពួកគេមានទាំងមន្ត្រីប៉ូលីស និងជនស៊ីវិល។

ទោះជាយ៉ាងណា រហូត​មក​ទល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ។

គួរបញ្ជាក់ថា ការបំផ្ទុះ និងអគ្គីភ័យបានឆាបឆេះយ៉ាងតិច ១៧កន្លែងនៅភាគខាងត្បូងប្រទេសថៃក្នុងខែសីហា ដែលទំនងជាការវាយប្រហារចម្រុះគ្នា ដែលបានបណ្តាលឲ្យមនុស្ស ០៧នាក់រងរបួស។

មនុស្សជាង ៧,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះចាប់តាំងពីឆ្នាំ២០០៣ នេះបើយោងតាម ​​Southern Deep Watch ដែលឃ្លាំមើលអំពើហិង្សានេះ។ ការ​ចរចា​សន្តិភាព​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៣ បាន​ជាប់គាំង​ជា​បន្តបន្ទាប់៕