(តូក្យូ)៖ នាថ្ងៃអង្គារនេះ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសពីការសម្រេចចិត្តបោះបង់ចោល ផែនការចុះចតយានរ៉ូបូតដ៏តូច ១គ្រឿងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទ បន្ទាប់ពីការទាក់ទងគ្នារវាងយាននោះ ហើយនិងក្រុមការងារគ្រប់គ្រងនៅផែនដី មិនអាចរក្សាស្ថិរភាពបាន ក្រោយការបាញ់បង្ហោះកាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីភ្នាក់ងារ JAXA បានប្រាប់ថា យានចុះចតឈ្មោះ អូម៉ូតេណាស៉ី (Omotenashi) មិនអាចទទួលយករលកសញ្ញា ដែលបញ្ជូនពីផែនដី ដើម្បីតម្រង់ទិសដៅនៃគន្លងធ្វើដំណើរក៏ដូចជាទីតាំងរបស់វាបាន ដោយសារផ្ទាំងស្រូបថាមពលសូឡា ដែលបំពាក់លើយានរ៉ូបូតនោះ ចេះតែបែរចេញពីព្រះអាទិត្យ។
ជប៉ុនខំមានក្តីសង្ឃឹមថា យានរ៉ូបូតខាងលើ ដែលមានបណ្តោយ៣៧សង់ទីម៉ែត្រ ទទឹង២៤សង់ទីម៉ែត្រ កម្ពស់១១សង់ទីម៉ែត្រ និងទម្ងន់១២.៦គីឡូម៉ែត្រ នឹងក្លាយជាយានដំបូងបំផុតរបស់ ប្រទេសអាស៉ីខាងកើតមួយនេះ ដែលចុះចតនៅលើផ្ទៃព្រះចន្ទ។
កាលពីថ្ងៃពុធសប្តាហ៍មុន អូម៉ូតេណាស៉ី ត្រូវបានបញ្ជូនចេញពីមជ្ឈមណ្ឌលអវកាស ខេនណឺឌី (Kennedy Space Center) របស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក នៅលើរ៉ុក្កែត SLS។ ក្រោយបាញ់ឡើងពីផ្ទៃផែនដី វាបានផ្តាច់ពីរ៉ុក្កែតនោះដោយជោគជ័យ ហើយចាប់ផ្តើមការធ្វើដំណើរឆ្ពោះទៅកាន់ព្រះចន្ទ។ ប៉ុន្តែផ្ទាំងស្រូបថាមពលសូឡារបស់ អូម៉ូតេណាស៉ី មិនអាចដំណើរការដោយប្រក្រតីបាន ដោយសារតែតួខ្លួនចេះតែវិលងាកចេញពីព្រះអាទិត្យ រៀងរាល់៤-៥វិនាទី។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានតែសហរដ្ឋអាមេរិក សហភាពសូវៀត (រុស្ស៉ី) និងចិនប៉ុណ្ណោះ ដែលបានបញ្ជូនយានរ៉ូបូតឱ្យ ចុះទៅដល់លើផ្ទៃព្រះចន្ទដោយជោគជ័យ៕