(គូឡាឡាំពួ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសម៉ាឡេស៉ី បានឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅ អាល់ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdullah) នឹងជ្រើសរើសនាយករដ្ឋមន្រ្តីមកដឹកនាំរដ្ឋាភិបាលថ្មី ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាដែលទ្រង់ នឹងធ្វើការសម្រេចចិត្តនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គា ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង បានធ្វើឡើងនៅពេលដែលក្រុមចម្រុះកំពុងកាន់អំណាច បាននិយាយថា ខ្លួននឹងមិនគាំទ្រមេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ឬអតីតនាយករដ្ឋមន្ត្រី លោក ម៊ូហ៉ីយីឌីន យ៉ាស់ស៉ីន (Muhyiddin Yassin) ក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះទេ ដោយបញ្ហានេះបានបន្ថែមវិបត្តិនយោបាយ លើការបោះឆ្នោតដែលកំពុងជាប់គាំងស្រាប់។
លទ្ធផលការបោះឆ្នោត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនមានគណបក្សនយោបាយណាមួយ ឈ្នះសំឡេងភាគច្រើននោះទេ។ ហើយបើគ្មានការគាំទ្រពីក្រុមចម្រុះ Barisan Nasional ដែលកំពុងកាន់អំណាចទេ នោះបេក្ខភាពទាំងពីរមិនអាចទទួលបាន សំលេងភាគច្រើន ដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានឡើយ។
គួរបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតក្នុងប្រទេសម៉ាឡេស៉ី បានបង្កើនការភ័យខ្លាចពីការកើតមានឡើងនូវពហុវប្បធម៌ ក្នុងប្រទេសដែលមានជនជាតិចិន និងជនជាតិភាគតិចឥណ្ឌា ដែលកំពុងរស់នៅតាមតាមជំនឿផ្សេងៗគ្នា។ ហើយគណបក្ស PAS បាននិងកំពុងតស៊ូមតិសម្រាប់ច្បាប់ Sharia របស់ប្រជាជនកាន់សាសនាអ៊ីស្លាម ជាដើម៕