(ហូនៀរ៉ា)៖ អាជ្ញាធរនៃប្រទេសដែនកោះសូឡូម៉ុន នៅមហាសមុទ្រប៉ាស៉ីហ្វិក បាននិយាយថា គ្មានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន២លើក បានវាយប្រហារនៅថ្ងៃអង្គារនេះ ដោយគ្រាន់ធ្វើឲ្យខូចខាតរចនាសម្ព័ន្ធនៃស្ថានទូតអូស្រា្តលី អាកាសយានដ្ឋាន និងដាច់ចរន្តអគ្គិសនី នៅក្នុងរដ្ឋធានីហូនៀរ៉ា ជាដើម។ នេះបើយោងតាមចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីអូស្រា្តលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានប្រាប់សភា យ៉ាងដូច្នេះថា «មិនមានអ្នករងរបួសទេ ប៉ុន្តែដំបូលអគារស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងហូនៀរ៉ា បានដួលរលំ»

បុគ្គលិកអាកាសចរណ៍ Solomon Islands Airline នៅអាកាសយានដ្ឋាន Honiara International Airport បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិនេះ បានរងការខូចខាតដល់ពិដាន ប៉ុន្តែអគារគឺនៅល្អដដែល។ រីឯបុគ្គលិកអាកាសយានដ្ឋាន នៅតែបន្តធ្វើការជាធម្មតា ប៉ុន្តែផ្នែកដែលខូចខាតត្រូវបានបិទសម្រាប់អ្នកដំណើរ។ រីឯ កាសែតសូឡូម៉ុន ថែមស៍ (Solomon Times) បានរាយការណ៍ថា ថាមពលត្រូវបានកាត់ផ្តាច់សម្រាប់ទីក្រុងហូនៀរ៉ាភាគច្រើន ខណៈដែលការវាយតម្លៃបឋម នៃការខូចខាតខ្សែបណ្តាញកំពុងធ្វើឡើង។

គួរបញ្ជាក់ថា ការរញ្ជួយដីលើកដំបូងបានវាយប្រហារឆ្នេរសមុទ្រ ក្នុងជម្រៅប្រហែល ១៦គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ ម៉ាឡានហ្គោ (Malango) ដែលទីភ្នាក់ងារភូមិវិទ្យាអាមេរិក បានកំណត់ថាមានកម្រិត ៧.០ រ៉ិចទ័រ។ ៣០នាទីក្រោយមកទៀត ក៏មានការញ្ជួយកម្រិត ៦.០រ៉ិចទ័រ ដោយឡែកមួយទៀត បានវាយប្រហារទីតាំងក្បែរនោះ៕