(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រព័ន្ធថ្មីមួយរបស់កូរ៉េខាងត្បូង សម្រាប់ប្រឆាំងការពារនឹង​មីស៉ីលបាលិស្ទីគ បានធ្វើតេស្តសាកល្បងដោយជោគជ័យលើកដំបូង ក្នុងការបាញ់ស្ទាក់គោលដៅនៅក្នុងខែនេះ ដែលវាគឺជាជំហានថ្មីចុងក្រោយគេ របស់ប្រទេសអាស៉ីខាងកើតមួយនេះ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន ដើម្បីប្រឆាំងទប់ទល់​នឹងអាវុធមីស៉ីលរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមសារព័ត៌មាន ដុងអេ អ៉ីលបូ (Dong A Ilbo) និងយ៉ុនហាប់ (Yonhab) ផ្អែកលើប្រភពមន្រ្តីរដ្ឋាភិបាលនិងយោធា ដែលមិនបញ្ចេញអត្តសញ្ញាណ បានអះអាងថា ប្រព័ន្ធប្រឆាំងមីស៉ីលបាលិស្ទីគ L-SAM បានកម្ទេចគោលដៅដោយជោគជ័យ ក្នុងការធ្វើតេស្តបាញ់ស្ទាក់លើកដំបូងរបស់វា ប៉ុន្តែមិនមានការបញ្ជាក់អំពី កាលបរិច្ឆេទជាក់លាក់នៃការធ្វើតេស្តឡើយ ដោយគ្រាន់តែបង្ហើបថា វាបានកើតឡើងនៅក្នុងខែវិច្ឆិកានេះ។

ប្រព័ន្ធខាងលើបានធ្វើតេស្តហោះហើរដោយជោគជ័យ ដែលពុំមានការបាញ់ស្ទាក់គោលដៅ កាលពីខែកុម្ភៈ។ វាត្រូវបានរចនាឡើង ដើម្បីជាផ្នែកនៃ បណ្តាញការពារដែនអាកាសច្រើនស្រទាប់ ដែលរួមមានរួចជាស្រេច នូវប្រព័ន្ធ Patriot Advanced Capability-3 របស់អាមេរិក និងប្រព័ន្ធ Cheongung II KM-SAM ដែលជារបស់កូរ៉េខាងត្បូងផ្ទាល់ ដើម្បីមានសមត្ថភាពបាញ់ស្ទាក់គោលដៅ នៅរយៈកម្ពស់និងចម្ងាយខុសៗគ្នា។

បើតាមផែនការ ប្រព័ន្ធ L-SAM បានគោលដៅសម្រាប់មីស៉ីល ដែលហោះនៅរយៈកម្ពស់៥០-៦០គីឡូម៉ែត្រ ហើយវាត្រូវគេរំពឹងថា នឹងអាចដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការបាន នៅត្រឹមឆ្នាំ២០២៦។ កូរ៉េខាងត្បូងក៏មានប្រព័ន្ធខែលការពារមីស៉ីលអាមេរិក THAAD កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសខ្លួនផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល ធ្លាប់បានអំពាវនាវឱ្យដាក់ពង្រាយ ប្រព័ន្ធនេះបន្ថែមទៀត កាលពីពេលលោកនៅជាបេក្ខជនប្រធានាធិបតី ប៉ុន្តែក្រោយមកលោក យូន ក៏បានងាកមកផ្តោតលើប្រព័ន្ធរបស់​កូរ៉េខាងត្បូងផ្ទាល់វិញ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីល ក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមកឡើយ ក្នុងនោះរួមមាន​ទាំង មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ។ ហេតុនេះហើយ ទាំងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែកំពុងព្យាយាមប្រឹងប្រែងរិះរកមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពការពារមីស៉ីលរបស់ខ្លួន៕