(ភ្នំពេញ)៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសឱ្យដឹងពីខ្លឹមសារនៃកិច្ចពិភាក្សា បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានជួបគ្នាកាលពីព្រឹកថ្ងៃអង្គារនេះ ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ (Wei Fenghe) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ នេះបើតាមការដកស្រង់ខ្លឹមសារ ចេញពីវែបសាយក្រសួងការពារជាតិអាមេរិកផ្ទាល់ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ផេត រ៉ៃដឺ (Pat Ryder) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយថាលោក អូស្ទីន និងលោក វ៉ី បានជជែកគ្នាអំពី​ទំនាក់ទំនងការពារជាតិអាមេរិក-ចិន ក៏ដូចចាបញ្ហាសន្តិសុខក្នុងតំបន់និងសកលលោក ហើយលោក អូស្ទីន ថែមទាំងបានសង្កត់ធ្ងន់អំពី ភាពចាំបាច់ក្នុងការគ្រប់គ្រងការប្រកួតប្រជែង ដោយការទទួលខុសត្រូវ និងការរក្សាឱ្យបាននូវច្រកសម្រាប់ធ្វើការទាក់ទងគ្នា។

ក្រៅពីនេះលោករដ្ឋមន្រ្តីការពារជាតិអាមេរិក ក៏បានជជែកអំពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយ​ហានិភ័យយុទ្ធសាស្រ្ត, ការបង្កើនការធ្វើទំនាក់ទំនងពេលមានវិបត្តិ និងការពង្រឹងសុវត្ថិភាពប្រតិបត្តិការ។ បន្ថែមពីនេះ លោក អូស្ទីន ថែមទាំងបានលើកឡើងអំពី អាកប្បកិរិយាគ្រោះថ្នាក់មួយចំនួន ដែលបង្ហាញចេញពីយន្តហោះយោធាចិន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលអាចបង្កើនហានិភ័យ នៃការកើនមាននូវឧបទ្ទវហេតុ។ ទន្ទឹមគ្នាប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ជាថ្មីផងដែរថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលដែនទឹកអន្តរជាតិអនុញ្ញាត។

មិនតែប៉ុណ្ណោះ លោក ឡយ អូស្ទីន បានពិភាក្សាអំពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយគូសបញ្ជាក់នូវគោលជំហរ ដែលសហរដ្ឋអាមេរិកនិងចិន ប្រឆាំងចំពោះការប្រើប្រាស់ឬការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងបង្ហាញពីក្តីបារម្ភ អំពីការបង្កហេតុថ្មីៗនេះដោយកូរ៉េខាងជើង និងអំពាវនាវ​ឱ្យទីក្រុងប៉េកាំង អនុវត្តឱ្យបានពេញលេញនូវ សេចក្តីសម្រេចនានារបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធកម្មវិធីអាវុធខុសច្បាប់របស់ទីក្រុងព្យុងយ៉ាង។

ជាចុងក្រោយ លោកប្រមុខការពារជាតិអាមេរិក បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញា ចំពោះនយោបាយចិនតែមួយដ៏យូរអ្វែងរបស់ខ្លួន ដែលដឹកនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់, សេចក្តីថ្លែងការណ៍រួមអាមេរិក-ចិនទាំង៣, និងការធានា៦ចំណុច។ លោក អូស្ទីន ក៏បានលើកឡើងផងដែរ នូវសារៈសំខាន់ នៃសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោកបានសង្កត់ធ្ងន់អំពីការប្រឆាំងរបស់លោក ចំពោះការផ្លាស់ប្តូរនានាក្នុងលក្ខណៈឯកតោភាគី ចំពោះស្ថានភាពដើមនៅតំបន់នោះ ហើយអំពាវនាវឱ្យចិនឈប់ប្រព្រឹត្តទង្វើ ដែលអាចបង្កអស្ថិរភាពចំពោះតៃវ៉ាន់តទៅទៀត។

ជំនួបខាងលើធ្វើឡើងនាឱកាសដែលប្រមុខការពារជាតិទាំង២ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំឡើងនៅឯខេត្តសៀមរាប ហើយដែល នេះគឺជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក អូស្ទីន និងលោក ហ្វឹងហឺ ចាប់តាំងពីខែមិថុនា ពោលគឺនៅមុនប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដោយបង្កឱ្យចិនផ្ទុះកំហឹងជាខ្លាំង៕