(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអង្គារនេះបាននិយាយថាតួកគី គួរតែអត់ធ្មត់ និងបញ្ចៀសឱ្យបាននូវរាល់ការប្រើប្រាស់កម្លាំងយោធាជ្រុលហួសហេតុ នៅក្នុងប្រទេសស៊ីរី ហើយ ងាកមកស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីស្រាយបញ្ហាជាមួយជនជាតិឃើដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អាឡិចហ្សាន់ដឺ ឡាវរិនយ៉េវ (Alexander Lavrentyev) ជាបេសកជនរុស្ស៉ីទទួលបន្ទុកកិច្ចការស៊ីរី ធ្វើការកត់សម្គាល់ខាងលើប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃអង្គារនេះ ហើយលោកក៏បានបញ្ជាក់ដែរថាទីក្រុងមូស្គូ នឹងធ្វើការជាមួយប្រទេសជាដៃគូ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់បេសកជនរុស្ស៉ី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមានថាតួកគីកំពុងពិចារណាបើកប្រតិបត្តិការយោធាដីគោកនៅក្នុងប្រទេសស៊ីរី បន្ថែមពីលើការវាយប្រហារតាមផ្លូវអាកាស ក្រោយរ៉ុក្កែតមួយគ្រាប់ដែលបាញ់ ចេញពីទឹកដីស៊ីរី បានផ្ដាច់ជីវិតមនុស្ស៣នាក់ ក្នុងនោះមានកុមារម្នាក់នៅក្នុងទីក្រុងមួយរបស់តួកគីជាប់ព្រំដែនស៊ីរី។

ម្យ៉ាងវិញទៀត ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះទៀតសោត ធ្វើឡើងក្រោយតួកគី បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ភាគខាងជើងនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន ដោយបានបំផ្លាញគោលដៅចំនួន៨៩ ដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃើដ (PKK) ដែលទីក្រុងអង់ការ៉ាចោទថាជា អ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកចំកណ្តាលទីក្រុងអ៊ីស្តង់ប៊ូល នាពេលថ្មីៗនេះ។ ដោយឡែក បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី បានសម្លាប់មនុស្សយ៉ាងហោច ៣១នាក់៕

លោក Alexander Lavrentyev