(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តប្រឆាំងរាល់សកម្មភាពយោធាណាមួយ ដែលធ្វើឲ្យស្ថានការណ៍ក្នុងប្រទេសស៊ីរីមានអស្ថិរភាព ដោយទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ជុំវិញផលប៉ះពាល់ពីការវាយលុករបស់ទីក្រុងអង់ការ៉ា លើគោលដៅដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងការឆ្លើយតបសំណួរតាមអ៉ីមែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «យើងបានជំរុញដល់ប្រទេសតួកគី ឲ្យប្រឆាំងនឹងប្រតិបត្តិការសងសឹកដែលបង្កឲ្យជនស៉ីវិលស្លាប់បែបនេះ ដូចដែល យើងបានជំរុញដៃគូស៊ីរីរបស់យើងឲ្យប្រឆាំងនឹងការវាយប្រហារ ឬការបង្កហេតុ»

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា «យើងនឹងបន្តប្រឆាំងរាល់សកម្មភាពយោធា ដែលធ្វើឲ្យស្ថានការណ៍នៅស៊ីរីមានអស្ថិរភាព ឬរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈសកម្មភាពដែលមិនមានការសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។ ហើយយើងក៏ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះ ទៅលើភាគខាងត្បូងប្រទេសតួកគី ដែលមានសេចក្តីរាយការណ៍ថាបានសម្លាប់ជនស៊ីវិលជាច្រើន នោះផងដែរ»

គួរបញ្ជាក់ថា កងទ័ពអាកាសតួកគី បានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបានបំផ្លាញគោលដៅចំនួន៨៩ ដែលមានទំនាក់ទំនងក្រុមជនជាតិឃឺដ ជាការសងសឹកនឹងការវាយប្រហារដោយគ្រាប់បែក ចំកណ្តាលទីក្រុងអ៊ីស្តង់ប៊ូល នាពេលថ្មីៗនេះ៕