(ម៉ានីល)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉េឡា ហារីស (Kamala Harris) នៅថ្ងៃអង្គារនេះ បានធ្វើទស្សនកិច្ចនៅកោះប៉ាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកស្រី ក្នុងប្រទេសសម្ព័ន្ធមិត្តអាស៉ីរបស់អាមេរិកមួយនេះ ចំពេលដែលមានការកើនឡើងនូវជំហររបស់ចិនក្នុងតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងអស់នៃទឹកដីនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានគេជឿថាមានផ្ទុកប្រេង និងឧស្ម័នយ៉ាងច្រើន បង្កើតបាននូវពាណិជ្ជកម្មរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ កោះប៉ាឡាវ៉ាន់ មានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ពីប្រជុំកោះស្រ្ពេតលី (Spratly) ដែលជាតំបន់មានជម្លោះ។ ផ្នែកខ្លះនៃប្រជុំកោះក៏ត្រូវបានទាមទារ ដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមផងដែរ។

យោងតាមសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការទីក្រុងឡាអេ ការទាមទារនៅសមុទ្រចិនខាងត្បូងរបស់ទីក្រុងប៉េកាំង មិនមានមូលដ្ឋានផ្លូវច្បាប់ទេ ដែលផ្តល់ជ័យជំនះសម្រាប់ទីក្រុងម៉ានីល។ ក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ហារីស បានប្រាប់លោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន យ៉ាងដូច្នេះថា «យើងឈរជាមួយអ្នកដើម្បីការពារច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលមានទាក់ទងនឹងសមុទ្រចិនខាងត្បូង។ ហើយថែមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារហ្វីលីពីន ប្រសិនបើរងការវាយប្រហារតាមផ្លូវទឹកណាមួយ»

គួរបញ្ជាក់ថា ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស មកកាន់ហ្វីលីពីន ដោយពួកគេនិយាយថាមិនចង់ឲ្យប្រទេសរបស់ខ្លួន ក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមេរិក និងចិន នោះទេ៕