(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះកូរ៉េខាងត្បូងបានស្នើឱ្យមាន កិច្ចសហប្រតិបត្តិការជាសកម្ម ពីសំណាក់ចិននិងរុស្ស៉ី ដើម្បីទប់ស្កាត់កុំឱ្យ កូរ៉េខាងជើងធ្វើតេស្តមីស៉ីលបន្តទៅទៀត ខណៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ត្រៀមបើកកិច្ចប្រជុំស្តីអំពី ការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថា បេសកជនទទួលបន្ទុកកិច្ចការសន្តិសុខនិងសន្តិភាពឧបទ្វីបកូរ៉េ លោក គីម ហ្គុន (Kim Gunn) បានជជែកជាមួយឯកអគ្គរដ្ឋទូតចិននិងរុស្ស៉ី នៅរដ្ឋធានីសេអ៊ូល និងបានស្នើ​ឱ្យឯកអគ្គរដ្ឋទូតទាំងពីរ ជួយផ្តល់ការសហការ ដើម្បីឱ្យកូរ៉េខាងជើងត្រូវទទួលខុសត្រូវចំពោះ សកម្មភាពបង្កហេតុរបស់ខ្លួន។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោក គីម បានស្នើសុំកិច្ចសហប្រតិបត្តិការជាសកម្មពីចិននិងរុស្ស៉ី ដែលមានឋានៈជា សមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ហើយឱ្យទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដើរតួនាទីស្ថាបនាដើម្បីរារាំងកូរ៉េខាងជើង ពីការធ្វើសកម្មភាពបង្កហេតុផ្សេងទៀត និងជួយជំរុញឱ្យទីក្រុងព្យុងយ៉ាង ត្រឡប់មករកតុចរចាវិញ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាផ្ទាល់ជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងបាននិយាយថា ទីក្រុងប៉េកាំងមានកាតព្វកិច្ចដើម្បីព្យាយាមបញ្ចុះបញ្ចូល កូរ៉េខាងជើងឱ្យចៀសវាងបន្តការធ្វើតេស្តអាវុធ​នុយក្លេអ៊ែរសាជាថ្មីឡើងវិញ។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលច្រើនមិនធ្លាប់មានពីមុនមកឡើយ ខណៈទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល បានព្រមានប៉ុន្មានខែជាប់គ្នាមកហើយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ជាលើកដំបូងឡើងវិញ គិតចាប់តាំងពីឆ្នាំ២០១៧មក បាននៅគ្រប់ពេលវេលា៕