(រ៉ូម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក ហ្កាយដូ ក្រូសេតតូ (Guido Crosetto) បាននិយាយថា រដ្ឋាភិបាលអ៉ីតាលី នឹងស្នើឲ្យសភាអនុម័តបន្តច្បាប់ស្តីពីការផ្គត់ផ្គង់ផ្នែកយោធា និងស៊ីវិល ដល់អ៊ុយក្រែន រហូតពេញមួយឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

បច្ចុប្បន្ន រដ្ឋាភិបាលទីក្រុងរ៉ូម អាចផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដោយមិនចាំបាច់សុំការអនុម័តពីសភា ដោយផ្អែកលើច្បាប់មួយ ដែលផុតកំណត់នៅចុងឆ្នាំ២០២២នេះ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Il Foglio លោក ក្រូសេតតូ បានគូសបញ្ជាក់ថា «ក្រសួងការពារជាតិ នឹងស្នើឲ្យបន្តវិធានការដូចគ្នានេះក្នុងពេលឆាប់ៗ ដោយពង្រីកវាដល់ឆ្នាំ២០២៣។ អ៊ីតាលីនឹងបន្តផ្គត់ផ្គង់សព្វាវុធដូចដែលខ្លួនបានធ្វើកាលពីមុន នៅក្នុងពេលវេលា និងរបៀបដែល បានយល់ព្រមជាមួយសម្ពន្ធមិត្ត NATO របស់យើង និងជាមួយទីក្រុងកៀវ»

លោក ក្រូសេតតូ បានបន្ថែមថា លោកក៏នឹងស្នើផងដែរឲ្យដកការចំណាយលើ «ការវិនិយោគវិស័យការពារជាតិ» ពីការគណនាឱនភាពសហភាពអឺរ៉ុប នៅក្រោមកិច្ចព្រមព្រៀងស្ថិរភាពនិងកំណើនរបស់ប្លុកនេះ។

គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកានេះ មន្រ្តីរដ្ឋាភិបាលអ៉ីតាលី បានឲ្យដឹងថា អ៊ីតាលីកំពុងត្រៀមកញ្ចប់សព្វាវុធថ្មីសម្រាប់អ៊ុយក្រែន ដោយរួមមានទាំងប្រព័ន្ធការពារដែនអាកាស ដែលក្រុងកៀវ បានស្នើសុំជាពិសេសផងនោះ៕