(ម៉ានីល)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិក មានការប្តេជ្ញាឥតងាករេនោះឡើយចំពោះហ្វីលីពីន កំលុងជំនួបរបស់លោកស្រី ជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រី ហារីស កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដែលមានគោលដៅទប់ទល់ឥទ្ធិពលប្រទេសចិន ក៏ដូចជាពង្រឹងទំនាក់ទំនងឡើងវិញជាមួយប្រទេសអាស៊ានមួយនេះ។ លោកស្រី គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាមេរិក ដែលមកបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល ចាប់តាំងពីលោក ម៉ាកូស បានឡើងកាន់អំណាចកាលពីខែមិថុនា។ វាគឺជាសញ្ញាបង្ហាញពីការវិលទៅរកភាពប្រសើរឡើងវិញ នៃចំណងទាក់ទងរវាងសម្ពន្ធមិត្តយូរអង្វែងនឹងគ្នាទាំងពីរនេះ បន្ទាប់ពីជំនាន់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលប្រកាន់ជំហររាក់ទាក់ខ្លាំងជាមួយទីក្រុងប៉េកាំង។
ក្នុងកិច្ចចាប់ផ្តើមនៃជំនួបពិភាក្សា នៅឯវិមានប្រធានាធិបតីហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល លោកស្រីអនុប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងឈរនៅជាមួយអ្នក ក្នុងការការពារច្បាប់និងបទដ្ឋានអន្តរជាតិនានា ដែលពាក់ព័ន្ធទៅនឹងតំបន់សមុទ្រចិនខាងត្បូង។ ការវាយប្រហារណាមួយលើកងកម្លាំងប្រដាប់អាវុធ កប៉ាល់ឬយន្តហោះស៉ីវិលរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង នឹងតម្រូវឱ្យមានការប្រើប្រាស់ កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ នេះហើយជាការប្តេជ្ញាឥតងាករេ របស់យើងចំពោះហ្វីលីពីន»។ រីឯលោក ម៉ាកូស វិញបាននិយាយថា លោកមើលមិនឃើញអនាគតសម្រាប់ហ្វីលីពីន ដែលមិនរួមបញ្ចូលវត្តមានរបស់សហរដ្ឋអាមេរិកនោះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី ហារីស ក៏នឹងធ្វើដំណើរទៅកាន់ខេត្តប៉ាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន ដែលស្ថិតនៅក្បែរដែនទឹកមានបញ្ហាវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង ផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស មកកាន់ប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់នូវមន្ទិលសង្ស័យនានា អំពីការប្តេជ្ញារបស់ខ្លួន ចំពោះតំបន់អាស៉ី-ប៉ាស៉ីហ្វិក ស្របពេលដែលចិនត្រូវគេសង្កេតឃើញថា កំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕