(ហ្សាកាតា)៖ ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនវិនាទី នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណុចកណ្តាលនៃការរញ្ជួយដី គឺបានកើតឡើងនៅទីប្រជុំជន ស៉ីអាន់ជូ (Cianjur) នៃខេត្តចាវ៉ាខាងលិច (West Java) ចម្ងាយប្រហែល ៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា (Jakarta) មានជម្រៅ១០គីឡូម៉ែត្រ ប៉ុន្តែមិនមានកំលាំងរុញច្រានឲ្យក្លាយជារលកយក្សស៊ូណាមិ នោះទេ។

ប្រធានទីភ្នាក់ងារ BMKG លោកស្រី ឌីវីកូរីតា កាណាវ៉ាទី (Dwikorita Karnawati) បានណែនាំដល់ប្រជាជនឲ្យនៅក្រៅផ្ទះ ក្នុងករណីមានរញ្ជួយដី។ ហើយនៅពេលនេះអាជ្ញាធរ កំពុងពិនិត្យមើលទំហំនៃការខូចខាត ដែលបណ្តាលមកពីការរញ្ជួយដីនេះ៕