(រ៉ូម)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមប្រទេស G7 បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ចាំបាច់ត្រូវចាត់វិធានការឱ្យខ្លាំងៗ ក្នុងការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីចុងក្រោយបំផុតរបស់​កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមប្រឹក្សាសន្តិសុខ UN នឹងត្រូវបើកកិច្ចពិភាក្សាស្តីពីបញ្ហាកូរ៉េខាងជើង នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) តបតាមសំណើរបស់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីការបាញ់មីស៉ីលលើកចុងក្រោយគេ ក្នុងចំណោមការធ្វើតេស្តមីស៉ីលឥតឈប់ឈរ ដោយទីក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំនេះ។

ក្រុមរដ្ឋមន្រ្តីការបរទេស G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និងអ៉ីតាលី បាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើង តម្រូវឱ្យមានការឆ្លើយតប ដែលប្រកបដោយសាមគ្គីភាពនិងភាពស្វាហាប់ របស់សហគមន៍អន្តរជាតិ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីល ICBM ដែលមានសមត្ថភាពហោះដល់សហរដ្ឋអាមេរិក បន្ទាប់ពីខ្លួនបានព្រមានឆ្លើយតបផ្នែកយោធាឱ្យខ្លាំងជាងមុន ចំពោះការបង្កើនវត្តមានយោធារបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់អាស៉ីខាងកើត។

សេចក្តីថ្លែងការណ៍របស់ G7 បានហៅថា ការធ្វើតេស្តនោះថាជា​ ទង្វើដ៏គ្រោះថ្នាក់ ហើយជាការបំពានយ៉ាងគគ្លើនជាថ្មីទៀត ចំពោះសេចក្តីសម្រេចរបស់ UN។ G7 ក៏បានសង្កត់ធ្ងន់ជាចុងក្រោយថា «ការធ្វើតេស្តដែលល្មើសច្បាប់និងច្រើនមិនធ្លាប់មាន នៃមីស៉ីលបាលិស្ទីគដោយកូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិសុខនិងសន្តិភាព នៅក្នុង​តំបន់និងទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនអាច ហើយនឹងគ្មានថ្ងៃអាចមានឋានៈជា រដ្ឋអាវុធនុយក្លេអ៊ែរដាច់ខាត»