(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ទីក្រុងវ៉ាសូវី ដើម្បីជួយការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីគ្រាប់មីស៉ីលធ្លាក់លើទឹកដីប៉ូឡូញ សម្លាប់មនុស្ស២នាក់ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

អាល្លឺម៉ង់ មានប្រព័ន្ធការពារដែនអាកាស Patriot ចំនួន៣៦ នៅពេលដែលខ្លួនជាប្រមុខរដ្ឋរបស់អង្គការណាតូ (NATO) អំឡុងពេលសម័យសង្រ្គាមត្រជាក់។ បច្ចុប្បន្នកងកម្លាំងអាល្លឺម៉ង់ មានប្រព័ន្ធការពារដែនអាកាស Patriot ចំនួន១២ ដែលក្នុងនោះ២គ្រឿង ត្រូវបានដាក់ពង្រាយក្នុងប្រទេសស្លូវ៉ាគី។

លោកស្រី ឡាំប្រិច បានប្រាប់កាសែត Rheinische Post និងកាសែត General Anzeiger យ៉ាងដូច្នេះថា «យើងបានផ្តល់ការគាំទ្រដល់ប្រទេសប៉ូឡូញ ក្នុងការធានាដែនអាកាសរបស់ខ្លួន ជាមួយនិងយន្តហោះចម្បាំង Eurofighters និងប្រព័ន្ធការពារដែនអាកាស Patriot»

គួរបញ្ជាក់ថា អង្គការណាតូ បានចាប់ផ្តើមពង្រឹងការការពារដែនអាកាស នៅតំបន់អឺរ៉ុបខាងកើតបន្ទាប់ពីរុស្ស៉ីបើកការឈ្លានពាន លើអ៊ុយក្រែន ក្នុងខែកុម្ភៈ។ ហើយកាលពីខែតុលា សម្ព័ន្ធមិត្ត NATO ដឹកនាំដោយអាល្លឺម៉ង់ បានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីទិញប្រព័ន្ធការពារដែនអាកាសសម្រាប់ការគំរាមកំហែងជាច្រើនស្រទាប់ រួមទាំងប្រព័ន្ធការពារដែនអាកាស Patriot នេះផងដែរ៕