(ម៉ានីល)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់លោកស្រី នៅក្នុងប្រទេស ហ្វីលីពីនហើយ នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុតរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មកកាន់ហ្វីលីពីនដែលជាសម្ព័ន្ធមិត្ត ចាស់វស្សាមួយរបស់សហរដ្ឋអាមេរិក និងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន នៅចំពោះមុខភាពតានតឹងជាមួយចិនក្នុងសំណុំរឿងកោះតៃវ៉ាន់។

ខាងក្រោមនេះគឺជាបញ្ហាចម្បងៗមួយចំនួនជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស៖

*​ហេតុអ្វីបានជាហ្វីលីពីន សំខាន់ចំពោះសហរដ្ឋអាមេរិក?

ហ្វីលីពីន ធ្លាប់ស្ថិតនៅក្រោមអាណានិគមសហរដ្ឋអាមេរិក និងបានក្លាយជាសម្ព័ន្ធមិត្តអាមេរិកនៅឆ្នាំ១៩៥១ ៥ឆ្នាំក្រោយទទួលបានឯករាជ្យ។ នៅអំឡុងសង្រ្គាមត្រជាក់ ហ្វីលីពីន បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដំឡើងមូលដ្ឋានទ័ពមួយចំនួននៅលើទឹកដីរបស់ខ្លួន ហើយមូលដ្ឋានទ័ពទាំងនេះបានជួយសម្រួលដល់ការធ្វើសង្រ្គាមរបស់ អាមេរិកនៅវៀតណាម និងកូរ៉េ។ ក្រុមអ្នកជាតិនិយមហ្វីលីពីនបានបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ប្រគល់មូលដ្ឋានទ័ពទាំងនោះមកឱ្យហ្វីលីពីនវិញ នៅអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក និងហ្វីលីពីន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក៏ដូចជាទប់ទល់នឹងកើនឡើងនៃសកម្មភាពយោធាចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីនកំពុងមានជម្លោះដែនទឹកជាមួយប៉េកាំង។

ក្នុងបច្ចុប្បន្ន ដោយសារតែទីតាំងភូមិសាស្ត្រអំណោយផល ហ្វីលីពីនបានក្លាយដៃគូដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីកំញើញ និងឆ្លើយតបទៅនឹងការវាយប្រហារណាមួយពីសំណាក់ចិន លើតៃវ៉ាន់។ ភាពតានតឹងជុំវិញតៃវ៉ាន់ នឹងក្លាយជារបៀបវារៈដ៏សំខាន់នៅពេលដែលលោកស្រី ហារីស ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទនេះ ខណៈលោកស្រីអនុប្រធានាធិបតីអាមេរិកក៏ត្រូវបានគេរាយការណ៍ ដែរថានឹងបំពេញទស្សនកិច្ចជានិមិត្តរូបទៅកាន់ខេត្ត Palawan នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចំពោះហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុងមានជម្លោះដែនទឹកជាមួយចិន។

*តើហ្វីលីពីន ត្រូវបានបញ្ចូលក្នុងផែនការការពារតៃវ៉ាន់របស់អាមេរិក ដោយរបៀបណា?

នៅក្នុងចំណោមសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកទាំង ៥របស់សហរដ្ឋអាមេរិក រួមមានអូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ហ្វលីពីន និងថៃ ហ្វលីពីនគឺស្ថិតនៅក្បែរកោះតៃវ៉ាន់ជាងគេ ដោយកោះលូហ្សុន (Luzon) ស្ថិតនៅភាគខាងជើងបំផុតរបស់ហ្វីលីពីនស្ថិតនៅចម្ងាយត្រឹមតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះពីតៃវ៉ាន់។ ក្រុមអ្នកជំនាញមួយចំនួនដូចជា លោក Randall Schriver ជាមន្ត្រីម្នាក់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានឱ្យដឹងថាកោះលូហ្សុនស្ថិតនៅលើទីតាំងភូមិសាស្ត្រ អំណោយផលយ៉ាងខ្លាំងដល់កងទ័ពអាមេរិកដែលអាចប្រើប្រាស់កោះនេះដំឡើងប្រព័ន្ធមីស៊ីល និងកាំភ្លើងធំ ដែលនឹងត្រូវបានប្រើសម្រាប់ការវាយប្រហារស្កាត់ការដឹក កងទ័ពឆ្លងសមុទ្ររបស់ចិនចូលទៅកាន់ដីគោកនៃកោះតៃវ៉ាន់។

ទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងយកចិត្តទុកដាក់ ព្រមទាំងថ្នាក់ថ្នមលោក ម៉ាកូស (Marcos) ហើយដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស កើតមានឡើងបន្ទាប់ពី មានកិច្ចប្រជ្រុំរវាងលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ម៉ាកូស រួមទាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន មកកាន់ទីក្រុងម៉ានីល កាលពីខែសីហាកន្លងទៅ។

*តើអាមេរិក និងហ្វីលីពីន បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងដូចម្ដេច?

សហរដ្ឋអាមេរិក និងហ្វីលីពីន បានធ្វើកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយគ្នា នៅក្រោមកិច្ចព្រមព្រៀងមួយស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ឬហៅកាត់ថា EDCA ដែលសម្រេចបាននៅក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តែមានភាពរកាំរកូសនឹងគ្នានៅក្រោមអាណត្តិអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ។ EDCA អនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន សម្រាប់ការបណ្ដុះបណ្ដាល និងការធ្វើសមយុទ្ធយោធារួមគ្នា ព្រមទាំងអនុញ្ញាតឱ្យ កងទ័ពអាមេរិកឈរជើងបណ្ដោះអាសន្ន។ តែទោះជាបែបនេះក្ដី គេមិនទាន់ដឹងច្បាស់នោះទេថាតើហ្វីលីពីនអាចនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ នៅក្នុងករណីសង្រ្គាមផ្ទុះឡើងដែរ ឬក៏យ៉ាងណានោះទេ។ ឯកអគ្គរដ្ឋអាមេរិកប្រចាំទីក្រុងម៉ានីល និងមនុស្សជំនិតម្នាក់របស់លោក ម៉ាកូស បាននិយាយកាលពីខែកញ្ញាកន្លងទៅថា ហ្វីលីពីននឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនក្នុងករណីសង្រ្គោមលើកោះតៃវ៉ាន់ផ្ទុះឡើង លើកលែងតែ មានប្រយោជន៍ដល់សន្តិសុខហ្វីលីពីនតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក បានស្នើឱ្យបន្ថែមមូលដ្ឋានយោធាចំនួន៥ នៅក្រោមកិច្ចព្រមព្រៀង EDCA ពីលើមូលដ្ឋានយោធាចំនួន៥ ដែលមានស្រាប់ ហើយបើតាមលោក Gregory Poling អ្នកជំនាញកិច្ចការអាស៊ីបូព៌ាម្នាក់ មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាដំណើរទស្សនកិច្ច របស់លោកស្រី ហារីស អាចនឹងនាំមកនូវការប្រកាសកិច្ចព្រមព្រៀងណាមួយឡើង។

*តើជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ ជះឥទ្ធិពលដូចម្ដេចដល់ហ្វីលីពីន?

បើតាមលោក Gregory Poling សង្រ្គាម ឬជម្លោះនៅតៃវ៉ាន់ នឹងធ្វើឱ្យហ្វីលីពីនមានការលំបាកយ៉ាងខ្លាំងក្នុងការរក្សាអព្យាក្រឹត ដោយសារតែហ្វីលីពីនមានទីតាំងភូមិសាស្ត្រ នៅក្បែរកោះតៃវ៉ាន់ និងមានកាតព្វកិច្ចជួយសហរដ្ឋអាមេរិកនៅក្រោមសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយទីក្រុងវ៉ាស៊ីនតោន។ «ពួកគេ (ហ្វីលីពីន) មានការប្ដេជ្ញាចិត្តចំពោះ សហរដ្ឋអាមេរិក នៅក្រោមសម្ព័ន្ធភាពជាមួយអាមេរិក ហើយប្រសិនបើពួកគេចង់បានការគាំទ្រ ឬជំនួយពីសហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ពួកគេក៏ត្រូវ គាំទ្រ ឬជួយសហរដ្ឋអាមេរិកលើបញ្ហាតៃវ៉ាន់ផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Gregory Poling។

មួយវិញទៀត ដោយសារតែស្ថិតនៅក្បែរតៃវ៉ាន់ ដូច្នេះហ្វីលពីន គឺជាគោលដៅដ៏ចម្បងមួយសម្រាប់ជនភៀសខ្លួនតៃវ៉ាន់ ហើយប្រជាជនហ្វលីពីនជាង ១៥០,០០០នាក់ ដែលកំពុងរស់នៅលើកោះតៃវ៉ាន់ក៏អាចនឹងជួបគ្រោះថ្នាក់ដូចគ្នា ប្រសិនបើ ចិនបើកការវាយប្រហារណាមួយលើតៃវ៉ាន់។

*តើហ្វីលីពីន ចង់បានអ្វីជាថ្នូរមកវិញ?

លោក Randall Schriver បាននិយាយថាខណៈសហរដ្ឋអាមេរិកបារម្ភកាន់តែខ្លាំងចំពោះលទ្ធភាពដែលចិនអាចវាយប្រហារលើតៃវ៉ាន់ ទីក្រុងវ៉ាស៊ីនតោនចង់បានធានាជុំវិញ ការអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន នៅឆ្នាំក្រោយ ឬ ២ឆ្នាំទៅមុខទៀត។ បើតាមលោក Mr Schriver ការផ្ដល់ឱ្យទីក្រុងម៉ានីលនូវជំនួយយោធាក្នុងការធ្វើ ទំនើបកម្មកងទ័ពហ្វីលីពីន អាចជាមធ្យោបាយលួងលោមមួយដ៏ល្អ។ ទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះបានប្រកាសផ្ដល់ជំនួយយោធា ១០០លានដុល្លារ ដល់ហ្វីលីពីន និង៦៦.៥លានដុល្លារសម្រាប់មូលដ្ឋានទ័ព នៅក្រោមកិច្ចព្រមព្រៀង EDCA។ ប៉ុន្តែ ជំនួយយោធានេះមានចំនួនតិចតួចណាស់ បើធៀបទៅនឹងជំនួយយោធាដែលអាមេរិក ផ្ដល់ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន។

នៅត្រង់ចំណុចនេះដែរ លោក Gregory Poling បានកត់សម្គាល់ថា ហ្វីលីពីនត្រូវការប្ដេជ្ញាចិត្តយ៉ាងច្បាស់ពីសហរដ្ឋអាមេរិក ក្នុងការគាំទ្រ ឬការពារពួកគេនៅក្នុង សមុទ្រចិនខាងត្បូង។ លោក Poling បន្ថែមទៀតថាហ្វីលីពីន និងសហរដ្ឋអាមេរិក សុទ្ធតែបានបង្ហាញវោហោសាស្ត្ររៀងៗខ្លួន ប៉ុន្តែបញ្ហានៅត្រង់ថាតើភាគីទាំង២ មាន ការអនុវត្តជាក់ស្ដែងដែរឬទេ? ពោលគឺប្រសិនបើចិនវាយប្រហារលើមូលដ្ឋានណាមួយរបស់ហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូងនៅថ្ងៃស្អែក ថាតើសហរដ្ឋអាមេរិក អាចនឹងបែបណា? រឿងនេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដូច្នេះហើយទើបថាកិច្ចព្រមព្រៀង EDCA ពិតជាមានសារៈសំខាន់ជាជាងពាក្យសន្យាតែមាត់៕