(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃអាទិត្យនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានឈានចូលអាយុ ៨០ឆ្នាំហើយ ដែលនេះបានធ្វើឱ្យលោកក្លាយជា ប្រធានាធិបតីដំបូងគេបំផុតដែលមានអាយុ ៨០ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមពិតទៅ ជាទូទៅ នៅក្នុងសហរដ្ឋអាមេរិក អាយុត្រូវចូលនិវត្តន៍គឺ៦៥ឆ្នាំ ប៉ុន្តែប្រជាជនអាមេរិករាប់លាននាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក បច្ចុប្បន្នកំពុងធ្វើការលើសអាយុចូលនិវត្តន៍នេះទៅទៀត។ បញ្ហាអាយុរបស់លោក ចូ បៃដិន បាន និងកំពុងក្លាយជាកង្វល់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈអ្នកប្រជាធិបតេយ្យមួយចំនួនយល់ថាលោក បៃដិន មិនគួរឈរឈ្មោះប្រកួតប្រជែងជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នោះទេ។
ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos នៅចន្លោះពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកានេះបានបង្ហាញថាអ្នកប្រជាធិបតេយ្យ ៧១ភាគរយ នៅតែជឿថាលោក បៃដិន មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា ហើយ៤៦ភាគរយ និយាយថាលោកមិនគួរឈរឈ្មោះជាថ្មីសម្រាប់ ការបោះឆ្នោតឆ្នាំ២០២៤នោះទេ។ បើតាមការស្ទង់មតិដដែល អ្នកសាធារណរដ្ឋត្រឹមតែ ២៦ភាគរយប៉ុណ្ណោះគិតថាលោកមិនគួរឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីអាមេរិកសាជាថ្មី។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការហើយថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ រីឯលោក ចូ បៃដិន មិនទាន់ធ្វើការប្រកាសជាផ្លូវការណាមួយនៅឡើយទេ តែលោកក៏ធ្លាប់បានបង្ហាញពីបំណងចង់ឈរឈ្មោះជាថ្មីផងដែរ៕