(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានឱ្យដឹងថាកងទ័ពរុស្ស៉ីប្រហែលជា ៦០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយ កាំភ្លើងធំរយៈចម្ងាយឆ្ងាយពីសំណាក់កងទ័ពរបស់ខ្លួន ហើយនេះគឺជាលើកទី២ ក្នុងរយៈពេល៤ថ្ងៃដែលអ៊ុយក្រែនអះអាងពីការសម្លាប់កងទ័ពរុស្ស៉ី ក្នុងចំនួនដ៏ច្រើនបែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Facebook អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ទៀតថាកងទ័ពរុស្ស៉ី ៦០នាក់ខាងលើត្រូវបាន សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅក្នុងការវាយប្រហារដោយកាំភ្លើងរបស់កងទ័ពអ៊ុយក្រនលើទីក្រុង​ មីខែលក្វា (Mykhailkva) ស្ថិតនៅ ចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងខឺសុន ដែលរុស្ស៉ីត្រូវទើបតែបោះបង់ចោលកាលពីដើមខែវិច្ឆិកានេះ។

គួរបញ្ជាក់ថា រុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ជុំវិញការអះអាងរបស់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានផ្ដល់កាំភ្លើងធំ និងប្រព័ន្ធមីស៊ីលមួយចំនួន ដែលមានសមត្ថភាពវាយប្រហារលើគោលដៅក្នុងចម្ងាយ៨០គីឡូម៉ែត្រ ឱ្យអ៊ុយក្រែន ហើយកាលពីថ្ងៃពុធកន្លងទៅ ទីក្រុងកៀវក៏បានអះអាងដែរថា កងទ័ពរុស្ស៉ី ៥០នាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃអង្គារ លើភូមិ ដេណេស្នីកូវ៉េ (Denezhnykove) ស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រ ពីសមរភូមិមុខក្នុងតំបន់លូហាន៕