(វ៉ាស៊ីនតោន)៖ គណនីបណ្ដាញទំនាក់ទំនងសង្គម Twitter របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ត្រូវបានអនុញ្ញាតឱ្យដំណើរការ ឡើងវិញហើយ បន្ទាប់ពីម្ចាស់ថ្មីរបស់ក្រុមហ៊ុនមួយនេះ គឺលោក Elon Musk រៀបចំការស្ទង់មតិមួយដែលបង្ហាញថាមានការគាំទ្រភាគច្រើនចំពោះ សម្រេចចិត្តនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការស្ទង់មតិខាងលើមានអ្នកលេង Twitter ១៤.៨លាននាក់បានចូលរួម ហើយលទ្ធផលដែលត្រូវបានប្រកាស៤០នាទី មុនបិទបញ្ចប់ការបោះឆ្នោត បានបង្ហាញថាអត្រាអ្នកគាំទ្រឱ្យលោក ដូណាល់ ត្រាំ ប្រើប្រាស់គណនី Twitter របស់លោកឡើងវិញ មានចំនួន ៥១.៨ភាគរយ។ ប៉ុន្តែ លោក ត្រាំ ផ្ទាល់បាននិយាយថាលោកមិនចាប់អារម្មណ៍ត្រឡប់មកប្រើ Twitter វិញនោះទេ ដោយបញ្ជាក់ថាលោកពេញចិត្តលេងបណ្ដាញទំនាក់ទំនងសង្គម Truth Social ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក គឺ Trump Media & Technology Group ពីព្រោះវាមានភាពល្អប្រសើរជាង Twitter។

គួរបញ្ជាក់ថា គណនី Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទ កាលពីដើមឆ្នាំ២០២១ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ថាបានញុះញង់ ឱ្យអ្នកគាំទ្ររូបលោកវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករាឆ្នាំដដែល ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន។ រីឯ ការសម្រេចចិត្តបើគណនីលោក ត្រាំឡើងវិញ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះប្រកាសចូលរួមក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤៕