(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានមកដល់ទីក្រុងកៀវ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានបង្ហោះតាមបណ្តាញសង្គម FACEBOOK ដោយសរសេរថា «ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមមក អ៊ុយក្រែន និងចក្រភពអង់គ្លេស គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត។ ហើយក្នុងកិច្ចប្រជុំថ្ងៃនេះ យើងបានពិភាក្សាអំពីបញ្ហាសំខាន់បំផុត។ ការរួមគ្នារបស់យើងកាន់តែរឹងមាំ ហើយយើងនឹងសម្រេចបានលទ្ធផលដែលចង់បាន»។

ដោយឡែកអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី បាននិយាយថា ទស្សនកិច្ចលើកដំបូងរបស់លោក ស៊ូណាក់ ទៅកាន់ទីក្រុងកៀវ នាពេលនេះដើម្បីបញ្ជាក់ពីការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះអ៊ុយក្រែន។

គួរបញ្ជាក់ថា ទោះជាទទួលបានការអញ្ជើញពី លោក ហ្សេលេនស្គី ក៏អ្នកកាន់តំណែងមុនគឺ លោកស្រី លីសត្រាស់ មិនបានធ្វើដំណើរទៅអ៊ុយក្រែនឡើយ។ ហើយកន្លងមក ក្នុងអាណត្តិរបស់លោក បូរីស ចនសុន បានចែករំលែកទំនាក់ទំនងមិត្តភាពជាច្រើនក្នុងនាមជានាយករដ្ឋមន្ត្រី ជាមួយអ៊ុយក្រែន៕