(មូស្គូ)៖ អភិបាលតំបន់ បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្សចំនួន៩នាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងគំនរបាក់បែកនៃអគារផ្ទះល្វែងកម្ពស់៥ជាន់ ដែលបានដួលរលំដោយផ្នែកនៅលើតំបន់កោះ សាខាលីន (Sakhalin) ប៉ាស៊ីហ្វិករបស់រុស្ស៊ី ហើយក្រុមសង្គ្រោះបន្ទាន់កំពុងស្វែងរកអ្នកបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ការបាក់នេះទំនងជាបណ្តាលមកពីការផ្ទុះឧស្ម័ន។ ដោយដកស្រង់ប្រភពពីមន្រ្តីនៃក្រុមសង្រ្គោះបន្ទាន់ សារព័ត៌មាន RT បានរាយការណ៍ថា ស៊ីឡាំងឧស្ម័នចំណុះ២០លីត្រ ដែលភ្ជាប់ទៅនឹងចង្ក្រានចម្អិនអាហារបានផ្ទុះឆេះ។
បច្ចុប្បន្ន គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី កំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្តរាយនេះ៕