(កៀវ)៖ មន្ត្រីក្នុងទីក្រុងកៀវ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រជាជនអ៊ុយក្រែនរាប់លាននាក់នៅក្នុងខេត្តប្រមាណ១១ កំពុងជួបប្រទះនឹងការរំខានផ្នែកថាមពលធ្ងន់ធ្ងរ ខណៈអាកាសធាតុចុះត្រជាក់ ហើយស្ទើរតែពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសកំពុងត្រូវការការជួសជុលឡើងវិញ ក្រោយការវាយប្រហារជាច្រើនសប្តាហ៍ពីសំណាក់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស៍ ស្មីហែល (Denys Shmyhal) បានគូសបញ្ជាក់ថា «កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រុស្ស៊ីបានបាញ់មីស៉ីលប្រហែល ១០០គ្រាប់ ទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន។ ស្ទើរតែពាក់កណ្តាលនៃប្រព័ន្ធថាមពលរបស់យើងត្រូវបិទ ហើយយើងសូមអំពាវនាវដល់សម្ព័ន្ធមិត្តអឺរ៉ុបសម្រាប់ការគាំទ្រ បន្ថែមទៀត»

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឲ្យដឹងថា ខេត្តចំនួន១៧ និងរដ្ឋធានីកៀវ កំពុងជួបបញ្ហាដាច់ចរន្តអគ្គិសនី ប៉ុន្តែវិស្វករកំពុងធ្វើការជួសជុលខ្សែបណ្តាញឡើងវិញ ហើយការដាច់ចរន្តអគ្គិសនីគឺកាន់តែតិចទៅៗ។

គួរបញ្ជាក់ថា រយៈពេលជិតប្រាំបួនខែនៃការប្រយុទ្ធគ្នារវាងអ៊ុយក្រែននិងរុស្ស៊ី បានជំរុញឱ្យមានការចោទប្រកាន់ទៅវិញទៅមក លើការប្រព្រឹឹត្តឧក្រិដ្ឋកម្មសង្រ្គាមរវាងភាគីទាំងពីរ៕