(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងតតាំងចំពោះការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែររបស់អាមេរិក តាមរយៈអាវុធនុយក្លេអ៊ែរដូចគ្នា ខណៈដែលលោកបានចុះត្រួតពិនិត្យការធ្វើតេស្តមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៃមីស៉ីលបាលិស្ទីគ ICBM ដែលក្រុមអ្នកជំនាញជឿថា មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពីថ្ងៃសុក្រ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីល ICBM ប្រភេទ Hwasong-17 បន្ទាប់ពីចេញមុខប្រកាសព្រមានឆ្លើយតបផ្នែកយោធា ឱ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត ចំពោះការដែលទីក្រុងវ៉ាស៉ីនតោន បង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ជាពិសេសការចល័តសព្វាវុធ​យុទ្ធសាស្រ្តសំខាន់ ដូចជានាវាផ្ទុកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែក ជាដើម។

យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាឱកាសចុះត្រួតពិនិត្យដំណើរការធ្វើតេស្ត ICBM នោះ លោក គីម ជុងអ៊ុន បាននិយាយថា ការគំរាមកំហែងពីសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ដែលប្រកាន់គោលនយោបាយបង្កភាពជាសត្រូវ បានបង្ខំឱ្យប្រទេសលោកខិតខំពន្លឿនជាខ្លាំង នូវការពង្រឹងសមត្ថភាពការពារខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារមកលើកូរ៉េខាងជើង។

KCNA បានអះអាងក្នុងសេចក្តីរាយការណ៍របស់ខ្លួន យ៉ាងដូច្នេះថា «លោក គីម ជុនអ៊ុន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើសត្រូវនៅតែបន្តបង្កការគំរាមកំហែង នោះគណបក្សក៏ដូចជារដ្ឋាភិបាលយើង នឹងឆ្លើយតបចំពោះអាវុធនុយក្លេអ៊ែរ ដោយអាវុធនុយក្លេអ៊ែរដូចគ្នា ហើយនឹងឆ្លើយតបចំពោះការប្រឈមមុខ ដោយការប្រឈមមុខពេញទំហឹងដូចគ្នាផងដែរ។

KCNA បានបន្តថា ការធ្វើតេស្តមីស៉ីល Hwasong-17 គឺជាផ្នែកនៃយុទ្ធសាស្រ្តពង្រឹងសមត្ថភាពការពារជាតិ ដែលស្ថិតក្នុងអាទិភាពចម្បងបង្អស់​របស់ប្រទេសកូរ៉េខាងជើង ក្រោមគោលដៅបង្កើតមធ្យោបាយដ៏មានអានុភាពរឹងមាំជាទីបំផុត ក្នុងការទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវមកលើខ្លួន ហើយ KCNA បានហៅមីស៉ីលនោះថាជា «អាវុធយុទ្ធសាស្រ្តដែលខ្លាំងក្លាជាងគេបង្អស់លើលោក»។

គួរបញ្ជាក់ថា បើតាម KCNA ក្នុងការធ្វើតេស្តខាងលើ មីស៉ីល Hwasong-17 ធ្វើដំណើរបានចម្ងាយជិត១,០០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល ៦៩នាទី ហើយឡើងដល់ចំណុចខ្ពស់បំផុតនៅរយៈកម្ពស់៦,០៤១គីឡូម៉ែត្រ។ ខាងយោធាកូរ៉េខាងត្បូង ក៏បានអះអាងពីទិន្នន័យប្រហាក់​ប្រហែលគ្នាផងដែរ ប៉ុន្តែបន្ថែមថា មីស៉ីលនោះបានឈានដល់ល្បឿន Mach 22 ដែលលឿនជាងល្បឿនសំឡេង២២ដង។ រីឯរដ្ឋមន្រ្តីការពារជាតិជប៉ុន បានអះអាងថា Hwasong-17 អាចបាញ់បានចម្ងាយអតិបរមា ១៥,០០០គីឡូម៉ែត្រ ដែលល្មមទៅដល់​សហរដ្ឋអាមេរិក៕