(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន១គ្រឿង ត្រូវបានចល័តមកកាន់ឧបទ្វីបកូរ៉េ សាជាថ្មីម្តងទៀតនាថ្ងៃសៅរ៍នេះ ដើម្បីចូលរួមការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង ១ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងសេអ៊ូលបានប្រាប់ថា យន្តហោះ B-1B បានធ្វើការហ្វឹកហ្វឺនហោះហើរ នៅលើដែនអាកាសរបស់កូរ៉េខាងត្បូង ជាមួយការអមដំណើរ ដោយក្រុមយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូង និងក្រុមយន្តហោះចម្បាំង F-16 របស់អាមេរិក។ រីឯកាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូងនិងអាមេរិក ក៏បានធ្វើលំហាត់ទម្លាក់គ្រាប់បែក និងហាត់សមហោះហើរក្នុងទម្រង់ប្រយុទ្ធរួមគ្នាផងដែរ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់តេស្តមីស៉ីល ICBM ១គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន។

គួរបញ្ជាក់ថា មីស៉ីល ICBM ដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃសុក្រ គឺជាមីស៉ីលប្រភេទ Hwasong-17 ដែលក្រុមអ្នកជំនាញ ដាក់រហស្សនាមឱ្យថា «មីស៉ីលកំណាច» ដោយសារតែទំហំដ៏ធំសម្បើមរបស់មីស៉ីលនោះ ហើយត្រូវគេជឿជាក់ថា អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់ និងមានរយៈចម្ងាយធ្វើដំណើរជាអតិបរមារហូតដល់ខ្ទង់ ១៥,០០០គីឡូម៉ែត្រ ល្មមគ្រាប់គ្រាន់ក្នុងការបាញ់ទៅដល់​សហរដ្ឋអាមេរិក ដែលស្ថិតនៅមួយចំហៀងទៀតនៃមហាសមុទ្រប៉ាស៉ីហ្វិក៕