(ប៉េកាំង)៖ «បច្ចុប្បន្ននេះ ពិភពលោកបានឋិតនៅផ្លូវកែងរបស់ប្រវតិ្តសាស្ត្រម្តងទៀត អាស៊ីប៉ាស៊ីហ្វិកមានតួនាទីកាន់តែសំខាន់ និងកាន់តែលេចធ្លោ»។ នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដែលបានលើសំណើ៤ចំណុច ផ្តួចផ្តើមឱ្យបណ្តាប្រទេសនានាពួតដៃគ្នា ក្នុងន័យបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក បំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង និងបង្ហាញទិសដៅ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅ និងជំរុញកំណើនក្នុងតំបន់។

សូមបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រជាជនចំនួន១ភាគ៣ នៃចំនួនសរុបទូទាំងពិភពលោក។ ទំហំសេដ្ឋកិច្ចត្រូវជា៦០ភាគរយ នៃបរិមាណសរុបសកល។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកបានបង្កើត «ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក» ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ បានក្លាយជាប្រភពកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ចសកល។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលជាបន្តបន្ទាប់ ឯកតោភាគីនិយម ការពារនិយមមានសភាពកាន់តែខ្លាំងឡើង ការអភិវឌ្ឍរបស់មនុស្សជាតិប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ។ តើពិភពលោកនឹងដើរឆ្ពោះទៅទិសណា? តើអាស៊ីប៉ាស៊ីហ្វិក ត្រូវធ្វើយ៉ាងណា?

«ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព» «ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលមានភាពសម្បូរសប្បាយរួម» «ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតង ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត» «ប្រកាន់ខ្ជាប់ជោគវាសនារួម ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រនិងជួយគ្នាទៅវិញទៅមក» សំណើបួនចំណុចដែលលោក Xi Jinping ផ្តួចផ្តើម បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។

សន្តិភាព ជាបុរេលក្ខខណ្ឌរបស់ការអភិវឌ្ឍ ការអភិវឌ្ឍជាការគាំពារដល់សន្តិភាព។ ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់ របស់ APEC អាស៊ីប៉ាស៊ីហ្វិកបានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន រីឯប្រទេសចិនក៏បានផ្តល់អំណោយផល ដល់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍរបស់ខ្លួន។ គិតរហូតដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិក APEC បានឡើងដល់២,៨៧ទ្រីលានដុល្លារអាមេរិក។ លោក Rebecca Fatima Sta Maria ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋាន APEC បានសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងដើរតួនាទីកាន់តែធំនៅពេលអនាគត។

កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តទស្សនទាន Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយ ប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបត្តិការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិក ពិតជានឹងទទួលបានផលជាផ្លែផ្កា និងបង្កើត «ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក» ថ្មី។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់ តាមរយៈប្រតិបតិ្តជាក់ស្តែងថា៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ដល់ អាស៊ីប៉ាស៊ីហ្វិកតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន