(បែរឡាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងបែរឡាំងបានឱ្យដឹងថា អាល្លឺម៉ង់ បារាំង និងអេស៉្បាញ បានឈានដល់ការព្រមព្រៀងគ្នា ស្តីពីការចាប់ផ្តើមដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ហៅថា FCAS ដែលជាគម្រោងវិស័យការពារមានតម្លៃធំបំផុតរបស់អ៉ឺរ៉ុប គឺប្រហែលជាង ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង១០៣.៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
កាលពីពេលកន្លងមក មានសេចក្តីរាយការណ៍ព័ត៌មានអះអាងថា ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់នៃគម្រោង FCAS (Future Combat Air System) នឹងចំណាយថវិកាប្រហែល៣.៥ពាន់លានអឺរ៉ូ ដែលនឹងត្រូវបែកចែងស្មើគ្នារវាងប្រទេសទាំង៣។ ក្រុមហ៊ុន Dassault (ដាស្សាល់) ដែលតំណាងឱ្យបារាំង រួមជាមួយក្រុមហ៊ុន Airbus ដែលតំណាងឱ្យអាល្លឺម៉ង់ ហើយនិងក្រុមហ៊ុន Indra ដែលតំណាងឱ្យអេស៉្បាញ គឺជាដៃគូសហការនៅក្នុងគម្រោង FCAS ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងថ្មី សម្រាប់ជំនួសយន្តហោះចម្បាំង Rafale (រ៉ាហ្វាល់) របស់បារាំង ព្រមទាំង Eurofighter របស់អាល្លឺម៉ង់និងអេស៉្បាញ ចាប់ពីឆ្នាំ២០៤០ទៅ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកស្រី អាន់ចេឡា មើគែល (Angela Merkel) ដែលកាលនោះនៅជាអធិការបតីអាល្លឺម៉ង់ បានប្រកាសជាលើកដំបូងអំពីផែនការ សម្រាប់គម្រោង FCAS ដែលនឹងរួមមានការអភិវឌ្ឍ យន្តហោះចម្បាំងថ្មី១ប្រភេទ ព្រមទាំងសព្វាវុធពាក់ព័ន្ធជាច្រើនទៀត រួមមានទាំងដ្រូន៕