(លីម៉ា)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡាទីន LATAM បានឱ្យដឹងថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) យន្តហោះខ្លួន១គ្រឿង បានបុកគ្នាជាមួយរថយន្តពន្លត់អគ្គិភ័យ១គ្រឿង នៅពេលដែលយន្តហោះនោះកំពុងរត់លើផ្លូវ ដើម្បីហោះឡើងចេញពីអាកាសយានដ្ឋាន ក្នុងរដ្ឋធានីលីម៉ានៃប្រទេសប៉េរូ ហើយជាលទ្ធផលភ្នាក់ងារពន្លត់អគ្គិភ័យ២នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

អាកាសចរណ៍ LATAM បានបន្តថា ពុំមានអ្នកដំណើរឬក៏ក្រុមការងារយន្តហោះណាម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើឡើយ ប៉ុន្តែមានអ្នកដំណើរខ្លះរងរបួស។ ប្រធានាធិបតីប៉េរូលោក ផេដ្រូ កាស្តីលឡូ (Pedro Castillo) ក៏បានសម្តែងការចូលរួមរំលែកទុក្ខជាមួយ គ្រួសារភ្នាក់ងារពន្លត់អគ្គិភ័យទាំង២នាក់ ដែលបានស្លាប់ផងដែរ។

ភ្លាមៗបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជារថយន្តពន្លត់អគ្គិភ័យ១គ្រឿងនោះ ធ្វើដំណើរចូលទៅលើផ្លូវ​យន្តហោះ ស្របពេលដែលមានយន្តហោះ កំពុងតែរត់ដើម្បីហោះឡើងយ៉ាងដូច្នោះ ខណៈការស៉ើបអង្កេតត្រូវបានធ្វើឡើងជុំវិញករណីនេះ។ សម្រាប់ព្រលានយន្តហោះ ហ័រហ្គេ ឆាវែស (Jorge Chavez) វិញ ដែលជាអាកាសយានដ្ឋានសំខាន់បំផុតប្រទេសប៉េរូ គឺនឹងត្រូវផ្អាកប្រតិបត្តិការ រហូត​ដល់យ៉ាងហោចម៉ោង១រសៀលថ្ងៃសៅរ៍ (ពេលវេលាក្នុងតំបន់នៅប៉េរូ)។

គួរបញ្ជាក់ថា ជើងហោះហើរដែលជួបហេតុការណ៍ខាងលើ គឺជាជើងហោះហើរ​ក្នុងស្រុក ដែលមានគោលដៅធ្វើដំណើររវាងទីក្រុងលីម៉ា និងទីក្រុងជូលាកា (Juliaca) នៃប្រទេសប៉េរូ។ វាគឺជាឧប្បត្តិហេតុលើកទី២ហើយ ក្នុងរយៈពេលមិនដល់១ខែនោះទេ ដែលពាក់ព័ន្ធជាមួយ​អាកាសចរណ៍ LATAM បន្ទាប់យន្តហោះ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡាទីននេះ ត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ ក្រោយផ្នែកខាងមុខនៃយន្តហោះ បានរងការបំផ្លិចបំផ្លាញពេលធ្វើដំណើរកាត់ព្យុះ៕