(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ទើបតែបានបង្ហាញមុខកូនស្រីបង្កើតរបស់លោក ឱ្យពិភពលោកបានឃើញជាលើកដំបូងបំផុត កំលុងពេលរូបលោកចុះត្រួតពិនិត្យ ដំណើរការបាញ់សាកល្បងមីស៉ីលបាលិស្ទីគ ICBM កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់តេស្តមីស៉ីល ICBM ប្រភេទ Hwasong-17 កាលពីថ្ងៃសុក្រ ជាមួយកូនស្រីនិងភរិយាលោក ហើយ KCNA ក៏បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាព លោក គីម និងកូនស្រី ដឹកដៃបណ្តើរគ្នានៅក្បែរមីស៉ីលបាលិស្ទីគ មុនការធ្វើតេស្តផងដែរ។ នេះគឺជាលើកដំបូងបំផុតហើយ ដ្បិតវត្តមានរបស់​កូនស្រីលោក គីម ជុងអ៊ុន គឺមិនដែលធ្លាប់ត្រូវបានប្រកាសទទួលស្គាល់ ជាសាធារណៈឡើយ។

គួរបញ្ជាក់ថា ខណៈទីភ្នាក់ងារព័ត៌មាន KCNA មិនបានបង្ហើបឱ្យដឹងពីឈ្មោះរបស់កូនស្រីលោក គីម ឡើយនោះ ក្រុមអ្នកវិភាគជឿជាក់ថា នាងមានឈ្មោះ គីម ជូអេ (Kim Ju Ae) ដែលមានអាយុប្រហែល១២-១៣ឆ្នាំ។ លោក គីម ជុងអ៊ុន ត្រូវគេជឿថា មានកូនសរុបចំនួន៣នាក់ គឺស្រី២នាក់ និងប្រុស១នាក់៕