(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របានអំពាវនាវឱ្យប្រ៊ុយណេ និងសមាជិកដទៃទៀត នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធ្វើការរួមគ្នាដើម្បីកសាងសមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ី ជីនពីង បាននិយាយនៅក្នុងជំនួបជាមួយស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ នៅក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រ៊ុយណេ និងប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រយ៉ាងសកម្ម និងការពិគ្រោះយោបល់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។

នៅលើទំនាក់ទំនងចិន-ប្រ៊ុយណេ លោក ស៊ី បាននិយាយថា ប្រទេសទាំងពីរគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ មិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូនៃការអភិវឌ្ឍន៍រួម ដែលបានធ្វើជាគំរូនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា៕