(បាងកក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉េឡា ហារីស (Kamala Harris) នៅថ្ងៃសុក្រនេះ បានប្រាប់ដល់បណ្តាមេដឹកនាំអាស៉ីថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តចំពោះតំបន់នេះ ក្នុងរយៈពេលវែង ដើម្បីបដិសេធការសង្ស័យអំពី ការចូលរួមពាក់ព័ន្ធរបស់ទីក្រុងវ៉ាស៉ីនតោន ខណៈឥទ្ធិពលរបស់ចិន កំពុងបន្តរីកសាយនៅតំបន់អាស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខវត្តមានរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក្នុងកិច្ចប្រជុំកំពូលនាទីក្រុងបាងកក នៃប្រទេសថៃ លោកស្រី ហារីស បានហៅសហរដ្ឋអាមេរិកថាជា «មហាអំណាចប៉ាស៊ីហ្វិកប្រកបដោយមោទនភាព» ហើយបាននិយាយថា បណ្តាញសម្ព័ន្ធភាពសន្តិសុខរបស់អាមេរិក រយៈពេលយូរ បានអនុញ្ញាតឲ្យតំបន់អាស៊ីមានការរីកចម្រើន។

លោកស្រី ហារីស បានប្រាប់មេដឹកនាំធុរកិច្ច នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក ស្ថិតនៅទីនេះជាមួយពួកគេ។ សាររបស់យើងនាពេលនេះ គឺច្បាស់ណាស់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តខាងសេដ្ឋកិច្ចយូរអង្វែង ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាការវាស់វែងមិនគិតជាឆ្នាំ ប៉ុន្តែក្នុងប៉ុន្មានទសវត្សរ៍ និងច្រើនជំនាន់»។

គួរបញ្ជាក់ថា ភាពជាដៃគូសេដ្ឋកិច្ចនៅតំបន់អាស៊ីគឺស្ថិតក្នុងអាទិភាពកំពូល សម្រាប់រដ្ឋបាលរបស់លោក ចូ បៃដិន ខណៈវិស័យឯកជនអាមេរិក បានវិនិយោគប្រហែល ១ពាន់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ នៅតំបន់នេះ៕