(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ឥណ្ឌាទើបតែបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតដំបូងបំផុត ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនឯកជន។ ជោគជ័យនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលកំពុងព្យាយាមបង្កើតនូវ ឧស្សាហកម្មអវកាសពាណិជ្ជកម្មមួយ និងដើម្បីប្រកួតប្រជែងខាងតម្លៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
គ្រាប់រ៉ុក្កែតអវកាសខាងលើ ដែលមានឈ្មោះថា វីក្រាម-អេស (Vikram-S) មានទម្ងន់៥៤៥គីឡូក្រាម និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអវកាសឯកជន ដែលទើបបង្កើតថ្មីឈ្មោះ Skyroot។ វាត្រូវបានបាញ់បង្ហោះឡើង ចេញពីមូលដ្ឋានបង្ហោះគ្រាប់រ៉ុក្កែតរបស់ទីភ្នាក់ងារអវកាសឥណ្ឌា ដែលស្ថិតនៅក្បែរទីក្រុងចិនណៃ (Chennai) ហើយបានហោះឡើងដល់រយៈកម្ពស់ ៨៩.៥គីឡូម៉ែត្រ។
រ៉ុក្កែត Vikram-S មានសមត្ថភាពហោះក្នុងល្បឿន Mach-5 គឺស្មើនឹងល្បឿនសំឡេង៥ដង ហើយផ្ទុកសម្ភារបានទម្ងន់សរុប៨៣គីឡូក្រាម ឡើងទៅដល់រយៈពេល១០០គីឡូម៉ែត្រ។ តាមពិតទៅ ក្រុមការងាររបស់ Skyroot បានកំណត់រយៈកម្ពស់ត្រឹមតែ ៨០គីឡូម៉ែត្រប៉ុណ្ណោះ ជាគោលដៅសម្រាប់ការបង្ហោះធ្វើតេស្តដំបូង ព្រោះវាជារយៈកម្ពស់គោល ដែលទីភ្នាក់ងារអវកាសមួយចំនួន ចាត់ទុកជាព្រំប្រទល់រវាងទីអវកាស ហើយនិងស្រទាប់បរិយាកាសរបស់ភពផែនដី។ ដោយឡែក បើយោងតាមស្តង់ដាអន្តរជាតិវិញ ខ្សែបន្ទាត់កាម៉ាន់ (Karman Line) ឯណោះទេ ដែលស្ថិតនៅរយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ទើបត្រូវបានចាត់ទុកជា កន្លែងខណ្ឌចែកជាមួយលំហអវកាស។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ទីភ្នាក់ងារអវកាសរដ្ឋ ISRO គឺជាអ្នកកាន់កាប់ផ្តាច់មុខតែឯង ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត នៅក្នុងប្រទេសឥណ្ឌា។ សព្វថ្ងៃរដ្ឋាភិបាលឥណ្ឌា បាននិងកំពុងប្រឹងប្រែងជំរុញឧស្សាហកម្មអវកាសឯកជន ដើម្បីជួយបំពេញបន្ថែមចំពោះកម្មវិធីអវកាសរដ្ឋរបស់ខ្លួន។ ក្រុមហ៊ុន Skyroot បានដាក់គោលដៅកាត់បន្ថយការចំណាយ លើការអភិវឌ្ឍឱ្យបានរហូតដល់៩០ភាគរយ ធៀបនឹងមធ្យោបាយដែលមានស្រាប់ សម្រាប់ការបញ្ជូនផ្កាយរណបខ្នាតតូចឡើងទៅទីអវកាស៕