(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសុក្រនេះ កងទ័ពអាកាសកូរ៉េខាងត្បូង និងកងទ័ពអាកាសសហរដ្ឋអាមេរិក បានចេញធ្វើសមយុទ្ធរួមគ្នា ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព វាយប្រហារកម្ទេចជើងទម្រចល័តសម្រាប់ដឹកនិងបាញ់​មីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៉ីល ICBM ១គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកំលុងសមយុទ្ធខាងលើ ក្រុមយន្តហោះចម្បាំង F-35A របស់កងទ័ពកូរ៉េខាងត្បូង បានហ្វឹកហាត់បើកការវាយប្រហារទៅលើ ជើងទម្រចល័តសម្រាប់ដឹកនិងបាញ់មីស៉ីល ហៅកាត់ថា TEL របស់ប្រទេសកូរ៉េខាងជើង តាមរយៈការប្រើប្រាស់គ្រាប់បែក GBU-12 ដែលនាំផ្លូវទៅកាន់គោលដៅដោយបច្ចេកវិទ្យាឡាស៊ែរ។ នាឱកាសនោះ យន្តហោះចម្បាំងកូរ៉េខាងត្បូង F-35A ចំនួន៤គ្រឿង ក៏បានធ្វើការហោះហើររួមគ្នា ក្នុងទម្រង់ត្រៀមបើកការប្រយុទ្ធ ជាមួយយន្តហោះចម្បាំងអាមេរិក F-16 ចំនួន៤គ្រឿង នៅលើតំបន់​សមុទ្រខាងកើត ផងដែរ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៉ីលបាលិស្ទីគ ICBM ដែលកូរ៉េខាងត្បូងបានបាញ់សាកល្បង កាលពីព្រឹកថ្ងៃសុក្រនេះ ទំនងជាប្រភេទ Hwasong-17។ ទីក្រុងតូក្យូបានអះអាងថា មីស៉ីលនោះបានធ្លាក់ទៅចំក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ហើយវាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបាញ់ទៅដល់សហរដ្ឋអាមេរិក ដែលស្ថិតនៅចំហៀងម្ខាងទៀតនៃមហាសមុទ្រប៉ាស៉ីហ្វិក ថែមទៀតផង៕