(តេហេរ៉ង)៖ ប្រធានអង្គការថាមពលអាតូមិកអ៉ីរ៉ង់ លោក មហាំម៉េត អ៉ីស្លាមី (Mohammad Eslami) បាននិយាយនៅថ្ងៃសុក្រនេះថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ដែលជាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដឹងពីសកម្មភាពទាំងអស់របស់អ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ IAEA បានទាមទារឲ្យមានការពន្យល់អំពី ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម នៅទីតាំងដែលមិនបានបញ្ជាក់ចំនួនបី ក្នុងប្រទេសអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយដកស្រង់សម្តីរបស់ លោក អ៉ីស្លាមី ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ILNA របស់អ៉ីរ៉ង់ បានរាយការណ៍ថា «អ៊ីរ៉ង់មិនបានធ្វើ ហើយនឹងមិនធ្វើអ្វីដែលទីភ្នាក់ងារ IAEA មិនដឹងឡើយ។ គ្រប់សកម្មភាពនុយក្លេអ៊ែរទាំងអស់របស់យើង គឺស្ថិតនៅក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិ។ ដូច្នេះវាមិនមានបញ្ហាអ្វីទេអំពីបញ្ហាសុវត្ថិភាព ដែលជាលក្ខណៈវិនិច្ឆ័យ នៃកិច្ចសហប្រតិបត្តិការរបស់យើង»។ លោក អ៉ីស្លាមី បន្ថែមថា «ពួកគេបានដាក់សម្ពាធលើអ៊ីរ៉ង់អស់រយៈពេល ២០ឆ្នាំមកហើយ ប៉ុន្តែការចរចានៅតែអាចបន្តបាន»

គួរបញ្ជាក់ថា សេចក្តីសម្រេចលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដែលត្រូវបានព្រាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានគូសបញ្ជាក់ពី «ភាពចាំបាច់ និងបន្ទាន់» ឲ្យអ៊ីរ៉ង់ពន្យល់ពីប្រភពដើមនៃភាគល្អិតអ៊ុយរ៉ាញ៉ូម ហើយផ្តល់ទៅឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នូវចម្លើយទាំងអស់តាមការស្នើសុំ៕