(បាងកក)៖ ប្រធានាធិបតីចិន លោក ស៉ី​ ជិនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងពិចារណាធ្វើជាម្ចាស់ផ្ទះ នៃវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាលើកទី៣នៅឆ្នាំ២០២៣ ដែលនឹងក្លាយការប្រារព្ធឡើងវិញលើកដំបូង នៃវេទិកានេះ គិតចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបញ្ជាក់របស់ លោក ស៉ី ជិនពីង ខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលកំពុងរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ។ ខ្សែក្រវាត់និងផ្លូវ ឬ Belt & Road គឺជាគំនិតផ្តួចផ្តើមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដ៏ពិសេសរបស់លោក ស៉ី ខណៈវេទិកានេះ២លើកមុន ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៧ និង២០១៩ និងបានទាក់ទាញមេដឹកនាំ និងមន្ត្រីមកពីរាប់សិបប្រទេស។ ប៉ុន្តែចាប់តាំងមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនទាំងអស់ និងបានលុបចោលព្រឹត្តិការណ៍អន្តរជាតិធំៗភាគច្រើន ដែលខ្លួនត្រូវធ្វើម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការមួយចំនួន នៃគោលនយោបាយ កូវីដ-សូន្យ (zero-COVID) ដ៏តឹងរឹងរបស់ខ្លួន បើទោះបីជាកំពុងប្រយុទ្ធនឹងការរីករាលដាលនៃមេរោគ នៅក្នុងទីក្រុងជាច្រើនក្តី។ អ្នកវិភាគជាច្រើន បានព្យាករណ៍ថា នឹងមានការបើកទ្វារសម្រាប់កិច្ចប្រជុំដ៏សំខាន់ៗបន្ថែមទៀត នៅក្នុងខែមីនា ឬខែមេសា ឆ្នាំ២០២៣៕