(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ៊្សូ ហាម៉ាដា (Yasukazu Hamada) បានអះអាងថា មីស៉ីលបាលិស្ទីគមួយគ្រាប់ ដែលកូរ៉េខាងជើងបាញ់តេស្តនៅថ្ងៃសុក្រនេះ គឺមានសមត្ថភាពគ្រប់គ្រាន់អាចហោះទៅដល់ សហរដ្ឋអាមេរិកតែម្តង ដ្បិតបើតាម​លោកប្រមុខការពារជាតិជប៉ុន មីស៉ីលនោះអាចធ្វើដំណើរបានចម្ងាយរហូតដល់ ១៥,០០០គីឡូម៉ែត្រឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បាននិយាយថា មីស៉ីលបាលិស្ទីគខាងលើ ដែលត្រូវចាត់ថ្នាក់ជាប្រភេទ មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬហៅកាត់ ICBM បានហោះឡើងដល់រយៈកម្ពស់ ៦,០០០គីឡូម៉ែត្រ និងគ្របដណ្តប់លើចម្ងាយ ១,០០០គីឡូម៉ែត្រ មុនធ្លាក់នៅគម្លាតជាង២០០គីឡូម៉ែត្រ ពីកោះអូស៉ីម៉ា (Oshima) ក្នុងខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ក៏បានចេញមុខថ្កោលទោសកូរ៉េខាងជើងផងដែរ ដោយសារតែវាបានធ្លាក់ចំក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ ចំណែកកាលពីដើមខែតុលាកន្លងទៅ ទីក្រុងព្យុងយ៉ាង ក៏បានបាញ់សាកល្បងមីស៉ីលបាលិស្ទីគមួយគ្រាប់ ហោះរំលងពីលើប្រទេសជប៉ុនជាលើកដំបូងថែមទៀតផង គិតចាប់តាំងពីឆ្នាំ២០១៧ មក។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន៕