(កង់បេរ៉ា)៖ ក្រសួងការបរទេសអូស្រ្តាលីបានឱ្យដឹងថា សាស្រ្តាចារ្យជនជាតិអូស្រ្តាលី លោក សន ថឺនែល (Sean Turnell) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ អតីតមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានត្រឡប់មកដល់មាតុភូមិវិញហើយ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានដោះលែង ដោយរដ្ឋាភិបាលយោធានៃប្រទេសអាស៊ានមួយនេះ ក្នុងការប្រកាសលើកលែងទោសទ្រង់ទ្រាយធំមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
យន្តហោះដែលលោក សន ថឺនែល ជិះធ្វើដំណើរបានចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្រ្តាលី កាលពីមុនវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ ដោយជាដំបូងរូបលោកបានចេញដំណើរពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ មុនឡើងជើងហោះហើរបន្តពីទីនោះ ឆ្ពោះមកកាន់ប្រទេសអូស្រ្តាលី។
លោក ថឺនែល ត្រូវបានគេចាប់ខ្លួនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ ដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រី ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ កាលពីខែកញ្ញា ឆ្នាំនេះ តុលាការមីយ៉ាន់ម៉ា ទើបតែបានកាត់ទោសដាក់ពន្ធនាគារលោករយៈពេល ៣ឆ្នាំ ពីបទរំលោភច្បាប់កិច្ចការសម្ងាត់រដ្ឋ និងច្បាប់អន្តោប្រវេសន៍។
គួរបញ្ជាក់ថា សាស្រ្តាចារ្យអូស្រ្តាលីរូបនេះ ស្ថិតក្នុងចំណោមអ្នកទោសសរុបជិត ៦,០០០នាក់ ដែលត្រូវបានដោះលែងនាឱកាសទិវាជាតិមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលរួមមានទាំងអតីតឯកអគ្គរាជទូតអង់គ្លេសម្នាក់ ផលិតករភាពយន្តជប៉ុនម្នាក់ ហើយនិងពលរដ្ឋអាមេរិកម្នាក់ផងដែរ៕