(បាងកក)៖ មន្រ្តីប៉ូលិសដែលដឹកនាំការរក្សាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ APEC បានឱ្យដឹងថា កងកម្លាំងប៉ូលិសថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅក្បែរទីតាំងនៃកិច្ចប្រជុំកំពូលនេះ នៅក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្រ្តីប៉ូលិសថៃខាងលើគឺលោក អាស៉ីយ៉ាន ក្រៃថង (Ashyan Kraithong) បានប្រាប់ថា មានបាតុករចំនួនប្រហែល៣៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា ហើយប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស នៅចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ពីទីកន្លែងដែល​ក្រុមមេដឹកនាំនៃប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺពីថ្ងៃសុក្រនេះដល់ថ្ងៃសៅរ៍ស្អែក។

ឃ្លីបវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញពី ទិដ្ឋភាពក្រុមបាតុករព្យាយាមក្រឡាប់រថយន្តប៉ូលិស១គ្រឿង ខណៈខ្លះទៀត គ្រវែងវត្ថុផ្សេងៗនិងរត់សម្រុកចូលទៅរកប៉ូលិស ខណៈក្រុមប៉ូលិសដែលស្ថិតក្នុងឈុតបង្រ្កាបកុបកម្ម ហើយបំពាក់ដោយខែលការពារនិងដំបង ក៏បានតទល់គ្នាជាមួយពួកគេ។

ខាងក្រុមសកម្មជនបានអះអាងថា ប្រជាជននាំគ្នាធ្វើបាតុកម្មនេះ ដើម្បីប្រឆាំងនឹងកិច្ចប្រជុំ APEC និងដើម្បីប្រឆាំងនាយករដ្ឋមន្រ្តីថៃផ្ទាល់ គឺលោក ប្រាយុទ្ធ ចាន់អូចា ហើយបានចោទប្រកាន់ប៉ូលិសថា ប្រើចំណាត់ការឆ្លើយតបជ្រុលហួសហេតុ។ ចំណែកឯខាងប៉ូលិសវិញបានអះអាងថា ក្រុមបាតុករបានបំពានច្បាប់ និងប្រើហិង្សាមកលើរបស់ខ្លួន ដោយមន្រ្តីប៉ូលិសយ៉ាងហោច៥នាក់ បានទទួលរងរបួស។ ជាមួយគ្នានេះ ប៉ូលិសថៃក៏បានឃាត់ខ្លួនអ្នកតវ៉ា ១០នាក់ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំ APEC គឺជាកិច្ចប្រជុំកំពូលទី៣ហើយ ដែលប្រារព្ធឡើងក្នុងតំបន់ នារយៈពេលមួយសប្តាហ៍កន្លងមកនេះ គឺបន្ទាប់ពី​កិច្ចប្រជុំកំពូលអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា និងកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី៕