(បាងកក)៖ ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នឹងជំរុញដល់មេដឹកនាំទាំងអស់រួមគ្នាដោះស្រាយ «ការកើនឡើងលើភាពខ្វែងគំនិតគ្នា» ហើយផ្តោតលើការដោះស្រាយសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានបញ្ហាដូចជាពាណិជ្ជកម្ម និងអតិផរណា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

APEC ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានចំណែក៣៨% នៃចំនួនប្រជាជនពិភពលោក និង ៦២% នៃផលិតផលក្នុងស្រុកសរុប និង៤៨% នៃពាណិជ្ជកម្មសកល។

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ខណៈសហរដ្ឋអាមេរិកត្រូវបានតំណាងដោយអនុប្រធានាធិបតី គឺ លោកស្រី កាម៉េឡា ហារីស (Kamala Harris)។ប្រទេសថៃសង្ឃឹមថានឹងធ្វើឲ្យមានវឌ្ឍនភាពលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា FTAAP ចំពោះមុខភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងចំណុចសំខាន់ៗផ្សេងទៀត ដូចជាតៃវ៉ាន់ និងឧបទ្វីបកូរ៉េ ជាដើម។

រដ្ឋមន្រ្តីការបរទេសថៃ លោក ដន ប្រាមូតវីណៃ (Don Pramudwinai) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចប្រជុំនៃប្លុកដែលមានសមាជិកទាំង២១ប្រទេសនេះ កំពុងប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យជាច្រើន។ លោក ប្រាមូតវីណៃ បានគូសបញ្ជាក់ថា «នោះហើយជាមូលហេតុដែល APEC នៅឆ្នាំនេះត្រូវប្រឈមមុខចំពោះបញ្ហាទាំងអស់ ហើយផ្តល់ក្តីសង្ឃឹមដល់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹងនៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងបាងកក នៃប្រទេសថៃ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប្រហែល ១០០នាក់ បានប្រមូលផ្តុំគ្នា ហើយគ្រោងនឹងដង្ហែក្បួននៅឯកន្លែងប្រជុំ៕