(ស៉ីដនី)៖ អាជ្ញាធរ បាននិយាយនៅថ្ងៃសុក្រនេះថា អ្នកស្រុកនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ដ៏ធំរហូតដល់ចុងសប្តាហ៍ ដោយសារចរន្តទឹកទន្លេដែលហូរបន្តរំកិលចុះក្រោម ក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល៣ថ្ងៃ ចាប់តាំពីថ្ងៃច័ន្ទសប្តាហ៍នេះ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគនិរតី នៃរដ្ឋដ៏ធំបំផុតរបស់អូស្រ្តាលី គឺរដ្ឋ ញូ សៅវែល (New South Wales) ដោយកាត់ផ្តាច់ទីប្រជុំជនជនបទទាំងមូល ហើយតំបន់វីតបែល (wheatbelt) បានរងគ្រោះជាលើកទីពីរក្នុងខែវិច្ឆិកានេះ ដែលនាំឲ្យមានការជម្លៀសមនុស្សរាប់រយនាក់។

កម្រិតសីតុណ្ហភាពបានបន្តធ្លាក់ចុះទាប នៅយូហ្គោវ្រ្វា (Eugowra) ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយអ្នកស្រុកបានបន្ទោសអាជ្ញាធរ ចំពោះការផ្តល់ជំនួយយឺតយ៉ាវ និងមានការពន្យារពេល។ រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកបុរសពីរនាក់ ដែលគេជឿថាបានបាត់ខ្លួននៅក្នុងទឹកជំនន់។

គួរបញ្ជាក់ថា ភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ញឹកញាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែបាតុភូតអាកាសធាតុ ឡានី ណា (La Nina) ដែលជាធម្មតានាំមកនូវភ្លៀងធ្លាក់ច្រើន។ ហើយតំបន់មួយចំនួនក៏ត្រូវស៊ូទ្រាំនឹងវិបត្តិទឹកជំនន់ដ៏ធំចំនួន៤ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ៕