(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅថ្ងៃសុក្រនេះ ដែលត្រូវបានទីក្រុងតូក្យូ អះអាងថាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងបាងកក ប្រទេសថៃ នាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះ កូរ៉េខាងជើង ដែលបានធ្វើសកម្មភាពបង្កហេតុម្ដងហើយម្ដងទៀត...ហើយយើងក៏បានប្រាប់ទីក្រុងព្យុងយ៉ាងដែរថាដាច់ខាត យើងមិនអាចលើកលែងឱ្យសកម្មភាពរបៀបនេះ បាននោះទេ»

បើតាមយោធាជប៉ុន និងកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនៅព្រឹកថ្ងៃសុក្រនេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគ ICBM ដែលត្រូវបានបាញ់ឆ្ពោះទៅ ទិសខាងកើត ចេញពីតំបន់ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង នៅម៉ោងប្រហែល ១០៖១៤នាទីព្រឹក និងបានធ្លាក់ចូលក្នុងដែនទឹកស្ថិតនៅចម្ងាយ ប្រហែល ២១០គីឡូម៉ែត្រ ពីកោះ អូស៊ីម៉ា (Oshima) នៃខេត្តហុកកៃដូ (Hokkaido) នៅម៉ោង ១១៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ មីស៉ីលនេះបានធ្លាក់ចូលទៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន ដែលលាតសន្ធឹងចម្ងាយ ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួន។

កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន៕