(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសថាលោកស្រីនឹងលាលែងចេញពីតំណែង ជាមេដឹកនាំសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិតេយ្យ បន្ទាប់ពីគណបក្សសាធារណរដ្ឋ ត្រឡប់មកគ្រប់គ្រងសភាតំណាងរាស្រ្តឡើងវិញ ក្រោយទទួលបានសំឡេង គាំទ្រភាគច្រើន នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី មានអាយុ ៨២ឆ្នាំ ដែលបានក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកក្នុងនាមជាស្ត្រីដំបូងបំផុត បានកាន់តំណែងជាមេដឹកនាំសភាតំណាងរាស្ត្រ របស់គណបក្សប្រជាធិតេយ្យអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ លោកស្រី ផេឡូស៊ី បាននិយាយថាលោកស្រីនឹងបន្តធ្វើជាសមាជិកសភាតំណាងរាស្ត្រម្នាក់ នៅក្នុង រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនឹងផ្ទេរតំណែងជាមេដឹកនាំទៅឱ្យអ្នកជំនាន់ក្រោយនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនសម្រាប់សភាតំណាងរាស្ត្រ នៅដំណាច់ខែវិច្ឆិកានេះ ខណៈលោក ហាគីម ចេហ្វហ្វ្រី (Hakeem Jeffries)​ មានអាយុ៥២ឆ្នាំ និងជាប្រធានសន្និសីទសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាជាបេក្ខជននំាមុខគេ ដែលអាចនឹងត្រូវជ្រើសតាំងឱ្យកាន់តំណែងជំនួសលោកស្រី ផេឡូស៊ី៕