(អាំស្ទែដាំ)៖ ចៅក្រមនៅក្នុងប្រទេសហូឡង់ បានផ្តន្ទាទោសបុរសជាជនជាតិរុស្ស៉ី ២នាក់ និងអ៊ុយក្រែនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិតដោយកំបាំងមុខ ពីបទមនុស្សឃាត ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ MH17 នៅលើដែនអាកាសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដែលបានផ្ដាច់ជីវិតមនុស្ស២៩៨នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសទាំង៣នាក់ខាងលើដែលត្រូវបានផ្ដន្ទាទោស ក្នុងនោះរួមមានអតីតទីភ្នាក់ងារចារកម្មរុស្ស៉ីឈ្មោះ អ៉ីហ្គ័រ ហ្សៀគីន (Igor Girkin) និងសឺហ្គៃ ឌូប៊ីនស្គី (Sergey Dubinskiy) ព្រមទាំងជនឈ្មោះ ឡេអូនីដ ខាឈិនកូ (Leonid Kharchenko) ជាមេដឹកនាំម្នាក់នៅក្នុងតំបន់ផ្ដាច់ខ្លួនស្ថិតភាគខាងកើតប្រទេសអ៊ុយក្រែន។ ជនទាំង៣នេះ ត្រូវបានចៅក្រម ហូឡង់រកឃើញថាបានជួយរៀបចំការដឹកជញ្ជូនប្រព័ន្ធមីស៊ីលរុស្ស៉ីប្រភេទ ប៊ូគ (BUK) ចូលក្នុងប្រទេសអ៊ុយក្រែន ហើយមីស៊ីលនេះត្រូវបានប្រើប្រាស់ដើម្បីបាញ់ទម្លាក់ យន្ដហោះ MH17 បើទោះជាពួកគេមិនមែនជាអ្នកចុចបាញ់ដោយផ្ទាល់ក៏ដោយ។ តែទោះយ៉ាងណាក៏ដោយ រុស្ស៉ីបានចាត់ទុកសាលក្រមរបស់តុលាការហូឡង់ ជារឿងគួរដ៏ អាម៉ាស់ ហើយថានឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនជាដាច់ខាត។

គួរបញ្ជាក់ថា យន្ដហោះមានជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ ឆ្ពោះទៅកាន់ទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយយន្ដហោះនេះត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជាពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងវាយប្រយុទ្ធជាមួយកងកម្លាំងផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី៕