(ប៊ែកឡាំង)៖ មន្ត្រីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងបញ្ជូនទីជម្រកសម្រាប់រដូវរងារ និងឧបករណ៍ចាំបាច់ផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយសង្គ្រោះប្រជាជនរបស់ខ្លួនឱ្យរួចផុតរដូវរងារ ដែលកាន់តែខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ លោក Janiz Lenarcic បាននិយាយថា ការត្រៀមលក្ខណៈសម្រាប់រដូវរងាខាងមុខនេះ គឺជា «អាទិភាពស្នូល» ទាក់ទងនឹងជំនួយមនុស្សធម៌ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ត្រូវបានរងផលប៉ះពាល់ដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។

ចំនួន​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ មាន​ចំនួន ៧.១លាន​នាក់។

ក្រៅពីទីជម្រកសម្រាប់រដូវរងារ និងឧបករណ៍ចាំបាច់ផ្សេងៗ សហភាពអឺរ៉ុបបានបញ្ជូនម៉ាស៊ីនភ្លើងចំនួន ៥០០គ្រឿងរួចហើយ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈយន្តការការពារជនស៊ីវិលរបស់អឺរ៉ុប។

សរុបមក សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៤៨៥លានអឺរ៉ូ (ជាង​៥០០លានដុល្លារអាមេរិក) ក្នុងការផ្តល់មូលនិធិសម្រាប់ជំនួយមនុស្សធម៌ជាក់ស្តែង និង ៤៤៣លានអឺរ៉ូនៅក្នុងប្រភេទតាមរយៈយន្តការការពារស៊ីវិលអឺរ៉ុប ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកុម្ភៈ៕