(វ៉ាសីនតោន)៖ លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិបានបង្ហាញកាន់តែច្បាស់ហើយ ដោយគណបក្សសាធារណរដ្ឋនឹងត្រូវឈ្នះសម្លេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ, ចំណែកគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បានទទួលសម្លេងឈ្នះភាគច្រើនក្នុងព្រឹទ្ធសភា។ យោងតាមលទ្ធផលនេះ មេដឹកនាំសម្លេងភាគតិចរដ្ឋសភា លោក Kevin McCarthy នៃគណបក្សសាធារណរដ្ឋនឹងត្រូវក្លាយជាប្រធានថ្មីនសភាតំណាងរាស្ត្រវិញនាពេលខាងមុខ ជំនួសលោកស្រី ណាន់ស៊ី ប៉េឡូស៊ី។

គណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងឈ្នះលើការគ្រប់គ្រងឡើងវិញក្នុងស្ថាប័នសភាតំណាងរាស្ត្រអាមេរិក ជាមួយនឹងសំឡេងភាគច្រើនដ៏តូចចង្អៀត។ ប៉ុន្តែអ្វីទាំងនោះ ក៏ជាទម្ងន់មួយសង្កត់លើលោកចូបៃដិននិងការរៀបចំរបៀបវារៈរបស់គាត់ផងដែរ។ គណបក្សសាធារណរដ្ឋ ត្រូវការបង្វិលកៅអីសភាយ៉ាងតិចប្រាំចំនួន៥មកវិញ ដើម្បីការគ្រប់គ្រងក្នុងសភាតំណាងរាស្ត្រ បន្ទាប់ពីយុទ្ធនាការឃោសនាប្រឹងប្រែងការទប់ស្កាត់អតិផរណា ទំនិញ, ប្រឆាំងអំពើឧក្រិដ្ឋកម្ម និងទិសដៅសម្រាប់ការដឹកនាំប្រទេសជាដើម។ ការទទួលបានសម្លេងភាគច្រើនដ៏តូចចង្អៀតនេះ ទោះជាយ៉ាងណាក៏ដោយគឺមានលក្ខណៈ តិចមិនដូចជាអ្វីដែលគណបក្សសាធារណរដ្ឋបានរំពឹងទុកនោះឡើយ គ្រាដែលខាងភាគីគណ បក្សប្រជាធិបតេយ្យបានឃោសនាផ្តោតលើសិទ្ធិរំលូតកូន និងការប្រឆាំងភាពជ្រុលនិយមរបស់គណបក្សសាធារណរដ្ឋ ដែលការឃោសនានោះ បានធ្វើឱ្យពលរដ្ឋអាមេរិកជាច្រើន នៅ បន្តគាំទ្រគោលនយោបាយគណបក្សប្រជាធិបតេយ្យ។

យោងតាមការព្យាករណ៍របស់ទូរទស្សន៍ស៊ីអិនអិន សមាជិកនៃគណបក្សសាធារណរដ្ឋនឹងទទួលសម្លេងភាគច្រើនកាន់កាប់ស្ថាប័នសភាតំណាងរាស្ត្រ បន្ទាប់បានទទួលសម្លេង ២១៨ រួចមកហើយនៃសម្លេងដែលបញ្ជាក់ការឈ្នះសម្លេងភាគច្រើន ។ គួរបញ្ជាក់ថា ចំនួនអាសនៈក្នុងសភាតំណាងរាស្ត្រអាមេរិក មានចំនួនសរុប៤៣៥។ ដូច្នេះអ្វីតួលេខដែលគណបក្សសាធារណរដ្ឋនាពេលនេះ កំពុងទទួលសម្លេងដល់២១៨មកហើយនេះ គឺជាសម្លេងដែលបង្ហាញនូវការឈ្នះសម្លេងភាគច្រើនហើយ។ ប្រធានសភាតំណាង រាស្ត្រអាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី នឹងត្រូវធ្វើសុន្ទរកថាមួយរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងបញ្ជាក់ថា តើលោកស្រីនឹងត្រូវធ្វើអ្វីបន្តទៀត បន្ទាប់ពីលោកស្រីនឹងត្រូវចេញពីតំណែង ប្រធានសភា នៃស្ថាប័នតំណាងរាស្ត្រនាពេលខាងមុខនេះ។

លោកស្រីណានស៊ីប៉េឡូស៊ី ក្នុងប្រសាសន៍មួយកាលពីថ្ងៃពុធទី១៦វិច្ឆិកា បានថ្លែងដាស់តឿន សមាជិកសភាគណបក្សប្រជាធិបតេយ្យត្រូវបន្តកិច្ចការរបស់ខ្លួនឱ្យខ្លាំងថែមទៀត ក្រោយការ រៀបចំដំណើរការរដ្ឋសភាថ្មីក្រោមការគ្រប់គ្រងសម្លេងភាគតិចរបស់គណបក្សសាធារណរដ្ឋ។ លោកស្រីបានថ្លែងថា នៅក្នុងការរៀបចំដំណើរការសភាជាបន្ទាប់មកទៀត សមាជិកសភា គណបក្សប្រជាធិបតេយ្យ នឹងបន្តដើរតួនាទីនាំមុខគេក្នុងការគាំទ្ររបៀបវារៈរបស់ លោក ប្រធានាធិបតី Biden ដែលនឹងត្រូវប៉ះទង្គិចខ្លះជាមួយនឹងទម្ងន់នៃគណបក្សសាធារណរដ្ឋដែល មានសម្លេងភាគច្រើន។ បើទោះបីជាគណបក្សប្រជាធិបតេយ្យ បាត់បង់សម្លេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បានទទួលជោគជ័យនៃសម្លេងភាគច្រើន កាន់កាន់ក្នុងតំណែង ព្រឹទ្ធសភា។ ការដណ្តើមបានសម្លេងគ្រប់គ្រងក្នុងស្ថាប័នព្រឹទ្ធសភានេះ ត្រូវគេរាយការណ៍ថាបានបង្កើតភាពបែកបាក់ក្នុងរង្វង់គណបក្សសាធារណរដ្ឋ ក្នុងស្ថាប័នសភាទាំង២ ថ្នាក់ ដែលម្ខាងចង់និយាយបន្ទោសផងនិងម្ខាងទៀតចង់និយាយសរសើរផងចំពោះការដឹកនាំបក្សសាធារណរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដោយសារលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ ទោះចង់មិនចង់នឹងធ្វើឱ្យការកាន់អំណាច២ឆ្នាំទៅមុខទៀតរបស់លោកប្រធានាធិបតី ចូបៃដិន នឹងមិនអាចធ្វើដំណើរដោយស្រួលនោះឡើយ។

គណបក្សសាធារណរដ្ឋ នឹងអាចមានលទ្ធភាពធ្វើការដឹកនាំការស៊ើបអង្កេត ឬលទ្ធភាពរារាំងនីតិវិធីណាមួយចោលបានភ្លាម។ ភ្លាមៗបន្ទាប់ពីគណបក្សសាធារណរដ្ឋទទួលបានជ័យជំនះ មេដឹកនាំសម្លេងភាគតិចរដ្ឋសភា លោក Kevin McCarthy នៃគណបក្សសាធារណរដ្ឋ បានចេញសារលើប្រព័ន្ធផ្សព្វផ្សាយតាម បណ្តាញសង្គមអបអរសាទរនូវជោគជ័យទទួលបានក្នុងស្ថាប័នសភាតំណាងរាស្ត្រ។ លោក Kevin McCarthy បានសរសេរថា "ការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យក្នុង សភាតំណាងរាស្ត្រ ត្រូវបានបញ្ចប់ហើយ»។ លោកបានសរសេរបន្ថែមថារូបលោកនិងសមា ជិកសភាមកពីគណបក្សសាធារណរដ្ឋ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឱ្យប្រជាជនអាមេរិក ហើយនឹងបំពេញតាមការប្តេជ្ញាចំពោះសហរដ្ឋអាមេរិក ដែលមានគណបក្សសាធារ ណរដ្ឋជាសម្លេងភាគច្រើន។ លោក Kevin McCarthy នឹងត្រូវក្លាយជាប្រធានសភាតំណាងរាស្ត្រថ្មី បន្ទាប់ពីលោកស្រី ណាន់ស៊ីប៉េឡូស៊ី។ លោក Kevin McCarthy បានថ្លែងរួចមកហើយ ដោយបញ្ជាក់ថាប្រសិនបើ សម្លេងរបស់គណបក្សសាធារណរដ្ឋឈ្នះក្នុងសភាតំណាងរាស្ត្រ គឹ គណបក្សសាធារណរដ្ឋ នឹងមិនគាំទ្រនូវការផ្តល់ថវិកាទទេៗដល់ប្រទេសអ៊ុយក្រែនទៀតនោះឡើយ។

គួរបញ្ជាក់ថាចាប់តាំងពីមានសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះមក សហរដ្ឋអាមេរិក បានផ្តល់ ជំនួយយោធាសន្ធឹកសន្ធាប់ដល់អ៊ុយក្រែនក្នុងតម្លៃអស់ដល់ច្រើនពាន់លានដុល្លារ។ សេចក្តី រាយការណ៍បានឱ្យដឹងថា កាលពីក្នុងខែតុលា សមាជិកសភាតំណាងរាស្ត្រដែលស្ថិត ក្រោម សម្លេងគ្រប់គ្រងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យ បានយល់ព្រមផ្តល់ជំនួយ ដល់អ៊ុយ ក្រែន១២.៣ពាន់លានដុល្លារថែមទៀត។

ប្រធានាធិបតីលោក ចូបៃដិន បានចេញសេចក្តីថ្លែងការណ៍ក្នុងសប្តាហ៍នេះ អបអរសាទរដល់គណបក្សសាធារណរដ្ឋចំពោះជ័យជម្នះរបស់ពួកគេក្នុងសភាតំណាងរាស្ត្រប៉ុន្តែលោក បានសរសេរកត់សម្គាល់ថាគណបក្សប្រជាធិបតេយ្យរបស់លោក ក៏បានធ្វើកិច្ចការល្អជាង ការរំពឹងទុកផងដែរនៅទូទាំងសហរដ្ឋអាមេរិក។ លោក ចូ បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា “នៅក្នុងការបោះឆ្នោតកន្លងមកនេះ អ្នកបោះឆ្នោតបាននិយាយយ៉ាងច្បាស់អំពីកង្វល់របស់ពួកគេ នោះគឺការចង់កាត់បន្ថយតម្លៃ ទំនិញ, ការពារសិទ្ធិដែលគេជ្រើសរើស និងការរក្សាលទ្ធិប្រជាធិបតេយ្យ”។ លោកចូបៃដិន បានបន្ថែមទៀតថាលោក នឹងធ្វើការជាមួយនរណាម្នាក់នៃគណបក្សសាធារណរដ្ឋ ឬគណ បក្សប្រជាធិបតេយ្យ ដែលមានឆន្ទៈក្នុងការធ្វើការជាមួយរូបលោកដើម្បីផ្តល់លទ្ធផលសម្រាប់ ប្រជាពលរដ្ឋអាមេរិក ។ ពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន, លោកចូបៃដិន មុននេះ បានថ្លែងរំពឹងថាគណបក្សអាមេរិកទាំង២ នៅក្នុងរដ្ឋសភា នឹងបន្តព្រមព្រៀងគ្នាលើការប្រ ឈមនឹងអំពើឈ្លានពានរបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន។

បើធៀបនឹងអាសនៈកាលពីមុន, ការបាត់បង់នូវសម្លេងរបស់គណបក្សប្រជាធិបតេយ្យក្នុងស្ថាប័នសភាតំណាងរាស្ត្រមានលក្ខណៈតិចតួចស្តួចស្តើង។ គណបក្សប្រជាធិបតេយ្យទទួល បានអាសនៈក្នុងស្ថាប័នសភាថ្នាក់ទាបនាពេលនេះ មានចំនួន២១១កៅអី បើប្រៀបធៀបមុន ការបោះឆ្នោតមុននោះ មានសម្លេងច្រើនដល់ ២២០កៅអី។

សមាជិកគណបក្សសាធារណរដ្ឋខ្លះក្នុងសភា នាពេលនេះបើទោះបីជាទទួលបានសម្លេង ភាគច្រើន Majority កំពុងបញ្ចេញការព្រួយបារម្ភថា ទំហំតូចនៃសំឡេងភាគច្រើនរបស់ពួកគេ នឹងជំរុញសមាជិកខាងស្ដាំដែលសូម្បីតែសមាជិកសភាមួយ ក្រុមតូចរបស់គណបក្សសាធារណរដ្ឋ ក៏អាចរារាំងវិធានការនានាបានដែរ ខណៈពេលដែលពួកគេនឹងទទួលបានការ បញ្ចុះបញ្ចូលក្នុងរឿងអ្វីមួយដែលពួកគេបានចាត់ទុកថាជាករណីអាទិភាពនោះ៕