(វ៉ាស៉ីនតោន)៖ សេតវិមានបានទទួលស្គាល់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជំទាស់ទៅនឹងការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងគ្រាប់មីស៊ីលដែលធ្លាក់លើទឹកដីប៉ូឡូញ ថាមិនមែនជារបស់អ៊ុយក្រែន របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយលោកបានហៅសម្តីលោក ហ្សេលេនស្គី ថាជាការលើកឡើងដែលគ្មានភស្តុតាង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្តីកាលពីថ្ងៃពុធថា រូបលោកពុំមានមន្ទិលសង្ស័យអ្វីបន្តិចឡើយថា ឧបទ្ទវហេតុធ្លាក់មីស៉ីលនៅក្នុងទឹកដីប៉ូឡូញ ហើយផ្តាច់ជីវិតមនុស្ស២នាក់នោះ គឺមិនមែនបង្កឡើងដោយមីស៉ីលរបស់អ៊ុយក្រែនឡើយ។

កំលុងពេលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីចូលរួមកិច្ចប្រជុំ G20 លោក បៃដិន គូសបញ្ជាក់ថា «អ្វីដែលលោក ហ្សេលេនស្គី បានលើកឡើងនោះ គឺមិនមានភស្តុតាងនោះទេ»

ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេច ឌូដា (Andrzej Duda) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា យោងតាមការវាយតម្លៃដោយអាជ្ញាធរនៃប្រទេសរបស់លោក មីស៉ីលនេះគឺជាមីស៊ីលប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ហើយរដ្ឋបាលលោក បៃដិន មានទំនុកចិត្តលើការវាយតម្លៃរបស់ប៉ូឡូញ។

គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងកៀវ អំពីឧបទ្ទវហេតុនេះថាជាការញុះញង់ ខណៈមន្រ្តីទូតកំពូលរបស់រុស្ស៊ី បាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស S-300 របស់អ៊ុយក្រែន៕